ដោយវុត្ថា
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ផែនការ ៥ចំណុច ដើម្បីជំរុញឱ្យក្រុមហ៊ុននិងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ពន្លឿនការសាងសង់ផ្លូវផ្លូវទាំង៣៤ ខ្សែ និងដាក់លូនៅក្នុងក្រុងព្រះសីហនុឱ្យបានទ្វេដងទើបទាន់ពេលវេលា ខណៈការការសាងសង់រហូតមកដល់ពេលនេះគឺសម្រេចបាន៤ ខែរួចហើយ។

លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ បានធ្វើការណែនាំ និងដាក់ផែនការដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖
១.ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងលូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់៨ខែ។
២.បញ្ហាការកកស្ទះចរាចរណ៍នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ។
៣.ប្រព័ន្ធលូត្រូវធ្វើការកែសម្រួលតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញឱ្យក្រុមបច្ចេកទេសចុះពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមានលក្ខណ:បច្ចេកទេសត្រឹមត្រូវតម្រូវឱ្យកាយចេញ ។
៤.បញ្ចៀសផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។ និង ៥.ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋានបច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក ។ល។
លោក អភិបាលខេត្ត បានសំណូមពរឱ្យក្រុមហ៊ុនសាងសង់ទាំង៨ ត្រូវសហការជាមួយក្រុមហ៊ុនអានកូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ឱ្យបានរលូនតាមការគ្រោងទុក។

ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលប្រើពេលរយ:ពេល ៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះការអនុវត្តការងារសាងសង់អស់រយ:ពេលជិត ៤ខែហើយ៕






