កម្ពុជាសម្រេចបិទការធ្វើដំណើរតាមនាវាទេសចរណ៍ ដើម្បីបង្ការមេរោគកូវីដ១៩

0

ដោយ ហ្សូលី

ភ្នំពេញ៖ កម្ពុជាសម្រេចបិទការធ្វើដំណើរតាមនាវាទេសចរណ៍ដឹកអ្នកដំណើរមកពីបណ្តារប្រទេសនានាជាបណ្តោះអាសន្ន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាឬកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០នេះ។

ក្រុមហ៊ុនភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរឬអ្នកទេសចរទាំងអស់ មិនអាចចូលមកក្នុងប្រទេសកម្ពុជាបានទេ ដោយហេតុថា រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនអនុញ្ញាតឱ្យនាវាទាំងនោះចូលមកបណ្តោះអាសន្ន ក្នុងគោលបំណងបង្ការមេរោគឆ្លងកូវិដ១៩។

យ៉ាងណាមិញ អគ្គនាយកដ្ឋានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់ប្រកាសពីថ្ងៃជាក់លាក់ដែលអាចអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលមកកាន់កម្ពុជាវិញនៅឡើយទេ។

ការផ្អាកនេះគឺបន្ទាប់ពីកម្ពុជារកឃើញថា មានភ្ញៀវទេសចរជនជាតិអង់គ្លេសចំនួន ៣នាក់ ជាស្ត្រីមានផ្ទុកវីរុសដែលពួកគេបានធ្វើដំណើរតាមនាវា Cruise Journey រួចចូលចតនៅក្នុងខេត្តកំពង់ចាម។

ដោយឡែក មិនមានការប្រកាសផ្អាកនាវាដឹកទំនិញចូលមកកាន់កំពង់ផែនៅឡើយទេ។ ជាក់ស្តែងកាលពីពេលថ្មីនេះ កម្ពុជាចាំបាច់ត្រូវទទួលយកនាវាដឹកទំនិញចំនួន ៧គ្រឿងដែលធ្វើដំណើរមកពីប្រទេសចិនចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្គង់ផ្គង់វត្ថុធាតុដើមក្នុងរោងចក្រកម្ពុជាក្នុងគោលបំណងជួយសង្គ្រោះវិស័យកាត់ដេរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here