ដោយវុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឱ្យដឹងថា កប៉ាល់ដឹកវត្ថុធាតុដើម ពីប្រទេសចិនសម្រាប់បំរើ និងផ្គត់ផ្គង់ឱ្យតរោងចក្រកាត់ដេរនៅកម្ពុជា១៦គ្រឿងទៀត នឹងមកដល់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយនេះ ខណៈរោងចក្រមួយចំនួនបាននឹងកំពុងជួបបញ្ហាប្រឈមខ្វះខាតវត្ថុធាតុដើម។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករលោកគុន ញឹមបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងពិធីបាឋកថា «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលូយ»នាថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នេះថា កប៉ាល់ដឹកកុងតឺន័រចំនួន៧គ្រឿង បាននឹងកំពុងបន្ដដឹកចូលកម្ពុជា៥គ្រឿង មកតាមកំពង់ផែ ក្រុងព្រះសីហនុ និង២គ្រឿងទៀត ចូលតាមកំពង់ផែ ហូជីមិញ ប្រទេសវៀតណាម ដែលនឹងដឹកបន្ដតាមផ្លូវគោក មកផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ក្នុងនោះកប៉ាល់៤គ្រឿងហើយបានដល់កំពង់ផែ និងចាត់ចែងបញ្ចូនទៅរោងចក្ររួចរាល់ហើយដែរ។

លោកបន្តថា តាមកាលវិភាគពីកំពង់ផែ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមីនានេះ ក៏មានកប៉ាល់ដឹកវត្ថុធាតុដើមរោងចក្រ ក្រុមទី២ប្រមាណ៩គ្រឿងបន្ថែមទៀត សរុបប្រមាណ៧៤៩កុងទីន័រ បាននិងកំពុងធ្វើដំណើរមកដល់កម្ពុជា ជាបន្តបន្ទាប់ផងដែរ។លោករំពឹងថា នឹងមានកប៉ាល់បន្ដបន្ទាប់ទៀតបន្ដចូលមកកម្ពុជា ដោយយោងទៅតាមស្ថានភាពកែលម្អល្អប្រសើររបស់ប្រទេសចិន ខណៈដែលប្រទេសចិន ជាប្រទេសមួយផលិតវត្ថុធាតុដើមសម្រាប់ប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានណែនាំវិធានការពិសេសចំពោះមុខ និងសម្រេចបើកច្រកទ្វារកំពង់ផែពិសេសមួយ ដែលមានឈ្មោះហៅថា Green Land ទុកសម្រាប់ផ្តល់អាទិភាពទី១ អោយបណ្តាកប៉ាល់ដឹកវត្ថុធាតុដើម បំរើអោយវិស័យឧស្សាហកម្មកាត់ដេរទាំងអស់ចូលចតមុនគេ និងសម្រួល បែបបទឯកសារមុនគេអោយចេញមុនគេ ដើម្បីជំរុញធ្វើយ៉ាងណាដឹកជញ្ជូនវត្ថុធាតុដើម អោយទៅដល់រោងចក្រ អោយបានលឿនបំផុត ជៀសវាងកកស្ទះ សង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រនានា និងការងារនានារបស់កម្មករ កម្មការិនី៕






