ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសវិស្សមកាលតូច នឹងអនុវត្តមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៤ ខែមីនានេះតទៅ។

យោងតាមចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី១៤ ខែមីនាខែមីនា ឆ្នាំ ២០២០នេះ ស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប បន្ទាប់ពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងជំងឺវីរុស COVID-19 ជាបន្តបន្ទាប់ទៅលើជនជាតិបរទេស និងជនជាតិខ្មែរ។
ក្រសួងអប់រំបន្តថា ការអនុវត្តវិស្សមកាលតូចមុនកាលកំណត់នេះ គឺចាប់អនុវត្តពីថ្ងៃដែលខ្លួនចេញសេចក្តីប្រកាសព័ត៌មានតទៅ។ សម្រាប់គ្រឹះស្ថាន ដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលពិន្ទុឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សា ជាមធ្យមភាគនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០។
ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តវិធានការបង្ការ និងទប់ស្កាត់របស់អង្គការសុភាពពិភាពលោក។
ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបត្រូវជំរុញ កូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារនិងកន្លែងផ្សេងទៀត ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩៕







