សម្ដេចតេជោបង្ហាញគោលបំណងសាងសង់ផ្លូវមួយខ្សែថ្មីតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប

ចែករំលែក

ដោយៈ រ៉ាណេត

បាត់ដំបងៈ សម្ដេចតេជាហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញពីគោលបំណង់ក្នុងការសាងសង់ផ្លូវចំនួនមួយខ្សែបន្ថែមទៀត ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប។


ផ្លូវមួយខ្សែនេះ អាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងចំណេញចម្ងាយផ្លូវប្រមាណ៦៩គីឡូម៉ែត្រ បើប្រៀបធៀបជាមួយផ្លូវដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសបើកពិធីបុណ្យទន្លេលើកទី៦ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព និង ទន្លេនៃវិបុលភាព» នៅខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃចុងសប្ដាហ៍មុនថា “យើងនឹងខំរៀបចំ ដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប”។

សម្តេចបន្តថា ផ្លូវនោះនឹងធ្វើ អាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលមុននេះធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោម នៃការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង។

ទោះជាយ៉ាងណាសម្តេចមិនទាន់់បានបញ្ជាក់ពីឈ្មោះ ឬលេខផ្លូវថ្មីនោះនៅឡើយទេ។

សម្តេចតេជោបញ្ជាក់ទៀតថា “ផ្លូវថ្មីតភ្ជាប់ពីខេត្តបាត់ដំបង ទៅខេត្តសៀមរាប ដែ​លកាត់តាមខេត្តបន្ទាយមានជ័យ ហើយដែលផ្លូវនេះ ក៏អាចតភ្ជាប់ទៅកាន់ខេត្តផ្សេងៗមួយចំនួនទៀតដែរដូចជា ខេត្តប៉ៃលិន និងពោធិ៍សាត់ ជាដើម។ ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគំរោងនៅឆ្នាំ២០២១ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីក្នុងខេត្តរបស់ខ្លួន បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញ រួមមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយតភ្ជាប់ទៅពោធិ៍សាត់ និងតភ្ជាប់ទៅខេត្តកោះកុង”៕



ចែករំលែក