ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Emerald Resources ដែលចុះបញ្ជីនៅអូស្រ្តាលីបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ២៣០ លានដុល្លារជាមួយក្រុមហ៊ុនរ៉ែ Mining and Civil Australia (Maca)សម្រាប់គម្រោងរុករករ៉ែមាសអូរខ្វាវរបស់ខ្លួននៅកម្ពុជា។
ក្រុមហ៊ុន Emerald Resources ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនរ៉ែ Renaissance Minerals (Cambodia) រំពឹងថានឹងទាញយកមាសពីគម្រោងមាសអូរខ្វាវនៅត្រីមាសទី ២ ឆ្នាំ ២០២១។
ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ ឆ្នាំដែលរួមមានការផ្គត់ផ្គង់ឧបករណ៍ធ្វើរ៉ែ និងសេវាកម្មរ៉ែសម្រាប់គម្រោងរ៉ែមាសនៅកម្ពុជា។ កិច្ចព្រមព្រៀងក៏គ្របដណ្តប់លើសេវាកម្មដឹកទំនិញ ការខួងរក និងការបំផ្ទុះ។
ក្រុមហ៊ុន Emerald Resources បានឱ្យដឹងថា ការប្រមូលផ្តុំទៅក្នុងគម្រោងរ៉ែមាសអូរខ្វាវត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែសីហា ជាមួយនឹងប្រតិបត្តិការគ្រោងនឹងចាប់ផ្តើមនៅខែតុលា។
នាយកគ្រប់គ្រងក្រុមហ៊ុន Emerald Resources លោក Morgan Hart បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើកិច្ចសន្យារុករករ៉ែនេះធ្វើឡើង បន្ទាប់ពីមានដំណើរការយ៉ាងល្អិតល្អន់ និងសហការគ្នាជាមួយក្រុមទាំងពីរក្នុងការបញ្ចប់កាលវិភាគរុករករ៉ែសម្រាប់ការអភិវឌ្ឍ និងប្រតិបត្តិការរបស់គម្រោងរ៉ែមាសអូរខ្វាវ”។
លោក បានឱ្យដឹងទៀតថា “ការចុះហត្ថលេខាលើកិច្ចសន្យារ៉ែផ្តល់ឱ្យយើងនូវទំនុកចិត្តកាន់តែខ្លាំងដើម្បីសម្រេចបាននូវគោលដៅរបស់យើងដើម្បីក្លាយជាអ្នកផលិតមាសខ្នាតធំដ៏ទំនើបដំបូងបង្អស់នៅប្រទេសកម្ពុជាក្នុងត្រីមាសទី ២ ឆ្នាំ ២០២១”។
ប្រធានប្រតិបត្ដិប្រតិបត្ដិការក្រុមហ៊ុន Maca លោក Geoff Baker បានមានប្រសាសន៍ថា “ក្រុមហ៊ុន Maca ទន្ទឹងរង់ចាំបន្តនូវទំនាក់ទំនងការងាររឹងមាំដែលយើងបានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ ហើយឆ្លងកាត់គម្រោងជោគជ័យប្រកបដោយគុណភាពជាច្រើនជាមួយនឹងគណៈកម្មាធិការ និងការគ្រប់គ្រងរបស់ក្រុមហ៊ុន Emerald”។
លោក ថ្លែងថា “កិច្ចសន្យារុករករ៉ែនេះអនុញ្ញាតឱ្យក្រុមហ៊ុន Maca ទាញយកបទពិសោធន៍ក្រៅប្រទេសដែលទទួលបាននៅប្រេស៊ីល ហើយបន្ថែមលើការងាររបស់ក្រុមហ៊ុន Maca ក្នុងវិស័យមាស”។
ក្រុមហ៊ុនបានចេញផ្សាយការសិក្សាលទ្ធភាពច្បាស់លាស់របស់ខ្លួនកាលពីខែ ឧសភា ឆ្នាំ ២០១៧ ហើយបានបង្ហាញថា គម្រោងនេះអាចផលិតមាសបាន ១០៦,០០០ អោនក្នុងមួយឆ្នាំជាមធ្យម។
តាមការប៉ាន់ស្មាន គម្រោងមាសរ៉ែនេះនឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល ៧ ឆ្នាំដោយការវិនិយោគមូលធនមានចំនួន ៩៨ លានដុល្លារអូស្ត្រាលី (៦០.៥ លានដុល្លារ)៕






