ដោយវុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចលើកកាលបរិច្ឆេទ នៃការរៀបចំកម្មវិធីវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជនលើកទី១៩ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ទៅថ្ងៃក្រោយវិញ ដើម្បីបង្ការឆ្លងជំងឺ Covid-19។

លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ ថា សម្តេចតេជោបានសម្រេចដ៏ខ្ពង់ខ្ពស់លើកកម្មវិធី វេទិការាជរដ្ឋាភិបាលផ្នែកឯកជន ដែលបានគ្រោងរៀបចំនៅថ្ងៃទី១ខែមេសា ទៅថ្ងៃក្រោយ ដើម្បីបង្ការ និងការជៀសវាងការរីករាលដាលជំងឺកូវី ១៩។
វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី–ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។
វេទិការាជរដ្ឋាភិបាល–ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនចំនួន១៣ក្រុម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ ដើម្បីចូលរួមសន្ទនាដោះស្រាយបញ្ហាផ្សេងៗជាមួយរាជរដ្ឋាភិបាល។
គិតរហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន១២ករណី ក្នុងនោះមានលើជនជាតិខ្មែរចំនួន៤ករណី និងក្រៅពីនោះគឺកើតលើជនបរទេស ដែលមានជនជាតិអង់គ្លេស៣ករណី ជនជាតិបារាំង២ករណី ជនជាតិកាណាដា១ករណី ជនជាតិចិន១ករណី និងជនជាតិប៊ែលហ្សិក១ករណី។ ក្នុងចំណោម១២ករណីនេះ មាន១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន៕






