សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាបចាប់ផ្តើមបញ្ចុះតម្លៃ

0

ដោយវុត្ថា

សៀមរាប៖ សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាបបានចាប់ផ្តើមបញ្ចុះតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកស្នាក់នៅ និងមកលេងកម្សាន្តចាប់ពីពេលនេះតទៅរហូតដល់ខែឧសភា ឆ្នាំ ២០២០ខាងមុខនេះនៅក្នុងខេត្តសៀមរាប។

លោក សេង សេរីវុទ្ធ ប្រធានទីផ្សារនៃក្រុមហ៊ុន ម៉េម័រ ហូថែល និងរីស្សត មានឲ្យដឹង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ
ថា សណ្ឋាគារចំនួន០៣ ដែលលោកកំពុងគ្រប់គ្រងជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៥ និង សណ្ឋាគារលំដាប់ផ្កាយ៤ បានសម្រេចបញ្ចុះតម្លៃពិសេស៥០ភាគរយជាកញ្ចប់ក្នុងរយៈពេល១០ថ្ងៃ ចំពោះការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចាប់ពីពេលនេះទៅដល់ខែឧសភា ឆ្នាំ២០២០ ។

លោកបន្តថា ការបញ្ចុះតម្លៃពិសេសនេះ គឺសម្រាប់តែភ្ញៀវណាដែលមកស្នាក់នៅក្នុងសណ្ឋាគារក្នុងរយៈពេល១០ ហើយអតិថិជនដែលជាវយកកញ្ចប់ពិសេសនេះ នឹងទទួលបាននាមប័ណ្ណពីសណ្ឋាគារ ដែលមានសុពលភាពរហូតដល់ខែកញ្ញាឆ្នាំ២០២០ និងអាចយកនាមប័ណ្ណនោះ ទៅឱ្យអ្នកផ្សេងមកស្នាក់នៅជំនួស ហើយខាងសណ្ឋាគារនឹងដកចំនួនថ្ងៃចេញទៅតាមនោះ លុះត្រាតែអស់ចំនួនថ្ងៃដែលបានកក់ ។

លោក សេង សេរីវុទ្ធ បានឲ្យដឹងទៀតថា ការបញ្ចុះតម្លៃនេះ គឺស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងជាពិសេសតបតាមការសំណូមពររបស់អាជ្ញាធរខេត្ដសៀមរាប ក៏ដូចជាក្រសួងទេសចរណ៍ ធ្វើយ៉ាងណារៀបចំកញ្ចប់តម្លៃនិងផ្តល់សេវាឱ្យបានសមរម្យ ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ដស្នាក់នៅក្នុងខេត្ដសៀមរាបឱ្យបានយូរ។

លោកបន្ថែមទៀតថា ការបញ្ចុះតម្លៃនេះ គឺចាប់ពីខែមីនា ដល់ដំណាច់ខែឧសភាឆ្នាំ២០២០ខាងមុខនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាប តាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេសជុំវិញបញ្ហាសកលដែលបណ្ដាលមកពីបញ្ហាវីរុសខូវីដ-១៩នេះ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះ បានសម្រេចលើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាបដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប រយៈពេល៤ខែ ចាប់អនុវត្តន៍ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។

ទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោថា អាជីវកម្មសណ្ឋាគារនិងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាការលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា “ការលើកលែងពន្ធនេះ គឺមានន័យថារដ្ឋទទួលបង់ពន្ធជំនួស ព្រោះយើងធ្លាប់បានបង់ពន្ធហើយ នៅទីនេះ ប្រើពាក្យលើកលែងការបង់ពន្ធដើម្បីឲ្យស្រួលស្តាប់ ប៉ុន្តែធាតុពិតរបស់វាគឺរដ្ឋបង់ពន្ធជំនួស ហើយអ្វីដែលយើងធ្វើនៅពេលនេះ មិនគ្របដណ្តប់ទូទៅនោះទេ អ្វីដែលសំខាន់ គឺយើងធ្វើនៅខេត្តសៀមរាប ដែលជាខេត្តមួយភ្ញៀវទេសចរបរទេសធ្លាប់មកកាន់ទីនោះ ប៉ុន្តែឥឡូវនេះភ្ញៀវទេសចរមកកាន់ទីនោះ គឺធ្លាក់ចុះដល់កម្រិតមួយយ៉ាងខ្លាំង”។

ខេត្តសៀមរាប មានសេវាកម្មស្នាក់នៅជាសណ្ឋាគារចំនួន២២៨កន្លែង ស្មើនឹង១៤.៥៩៩បន្ទប់ ក្នុងនោះ សណ្ឋាគារផ្កាយ៥ចំនួន២០កន្លែង ស្មើនឹង៤០៤៦បន្ទប់ , សណ្ឋាគារផ្កាយ៤ ចំនួន២២កន្លែង ស្មើនឹង២៧២៥បន្ទប់ , សណ្ឋាគារផ្កាយ៣ ចំនួន៨កន្លែង ស្មើនឹង៤៩២បន្ទប់ , សណ្ឋាគារផ្កាយ២មួយកន្លែង និង ផ្ទះសំណាក់មានចំនួន២៤៨កន្លែង ស្មើនឹង៤.២៩៣បន្ទប់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here