សម្ដេចតេជោ ប្រាប់វិនិយោគិនជប៉ុននៅកម្ពុជា កុំមានការព្រួយបារម្ភ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនជប៉ុនដែលកំពុងមានវត្តមាននៅកម្ពុជា និងវិនិយោគិនដែលមានគម្រោងមកបណ្តាក់ទុនផ្សេងទៀត សូមកុំមានក្ដីព្រួយបារម្ភពីបញ្ហានៃជំងឺ Covid-19 ខណៈដែលកម្ពុជា កំពុងមានវិធានការទប់ស្គាត់។

នៅក្នុងឱកាសបានចូលជួបសម្ដែងការគួរសម និងបង្ហាញពីគម្រោងនាំវិនិយោគិនជប៉ុនចូលមកកាន់កម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យនាវា Westerdam បានចូលចតនៅក្រុងព្រះសីហនុ កាលពីពេលកន្លងទៅនេះ ដែលនៅលើនាវានោះ ក៏មានជនជាតិជប៉ុនផងដែរ ហើយជនជាតិជប៉ុនទាំងនោះ ក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយសេចក្ដីសុខ។

លោក តាកាហាស៊ី ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅប្រទេសជប៉ុន រួមទាំងករណីជំងឺកូវីដ១៩នៅលើកប៉ាល់ Diamond princess ។
លោកក៏បានជម្រាបជូនសម្ដេចផងដែរថា ប្រតិភូដែលលោកនាំមកកម្ពុជាពេលនេះ គឺជាប្រតិភូអ្នកវិនិយោគ ដែលមានចំណាប់អារម្មណ៍ ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជា ទី១- លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ ដោយចំណាយថវិកាតិច, ទី២- ការផលិតសាប៊ូ ដែលជាសាប៊ូសម្អាតកាយ និងទី៣- គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក តាកាហាស៊ី ដែលបានចែករំលែកនូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីស្ថានភាពជាទូទៅនៃជំងឺកូវីត១៩ ដែលទើបតែនឹងកើតឡើងនៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាជំងឺ Covid-19 នេះ គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះ គឺបញ្ហាជំងឺភ័យខ្លាច ។ ក្នុងនេះដែរ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូអំពីវិធានការទប់ស្កាត់បញ្ហាក្នុងករណីដែលមានជំងឺកូវីដនេះ ដោយរយៈពេលខ្លី ៦ខែ និងរយៈពេលវែង ដោយសម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា បានមានផែនការរួចជាស្រេចហើយ ដើម្បីដោះស្រាយបញ្ហាជំងឺនេះ ក្នុងករណីដែលជំងឺនេះនៅមានក្នុងរយៈពេលវែងឬក៏ខ្លីនៅកម្ពុជា ឬនៅលើពិភពលោក ។ យ៉ាងណាក៏ដោយ សម្ដេច ក៏បានស្វាគមន៍ អ្នកវិនិយោគដែលកំពុងវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគដែលទើបមកជួបសម្ដេចនៅពេលនេះ សុំកុំមានការភ័យបារម្ភអ្វីលើបញ្ហាដែលកំពុងតែជួបប្រទះនេះ ព្រោះកម្ពុជាគឺកំពុងតែមានវិធានការទប់ស្កាត់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here