ធនាគារអភិវឌ្ឍន៍ជនបទចាប់ផ្តើមបញ្ចេញថវិការដ្ឋាភិបាល៥០លានដុល្លារ ឲ្យវិស័យSME

0

ដោយវុត្ថា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមបញ្ចេញថវិការបស់រដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិកទៅឱ្យសហគ្រាសធុនតូច និងមធ្យម (SME)លើវិស័យកែច្នៃផលិ​តផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។

លោកកៅ ថាច អគ្គនាយក នៃធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ម្សិលមិញនេះ  បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ អនុវត្តន៍កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គំាទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ទៅឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC)។

យោងតាមខ្លឹមសារនៃMOUនេះឱ្យដឹងថា ការចុះអនុស្សរណៈនេះ មានគោលបំ​ណង ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តន៍ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់៥០លានដុល្លារអាម៉េរិក ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិ​តផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។

MOU បន្តទៀតថា ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហាEBA។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នារួចមក ឱ្យដឹងថា តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាម៉េរិកនេះ នឹងជួយដល់សហគ្រាសប្រមាណ៥០០នៅកម្ពុជា អាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺCovid-19 និងការព្យួរភាពអនុគ្រោះពន្ធ EBA កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាម៉េរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីមានការប្រាក់ទាបដល់សហគ្រាសធុនតូច និងមធ្យ​ម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និង វិស័យកសិ កម្ម ដែលមានដូចជា ការដាំបន្លែ ការចិញ្ចឹមសត្វ និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិត​កម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម ត្រូវមកដាក់ពាក្យស្នើសុំឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here