ដោយវុត្ថា
ភ្នំពេញៈ គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានចាប់ផ្តើមពិភាក្សា និងសិក្សាគម្រោងវិនិយោគ លើសាងសង់រោងចក្រអគ្គិសនីចំនួន៣ ដែលមានទុនវិនិយោគប្រមាណ១,៧០០លានដុល្លារ បន្ទាប់ពីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានាថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២០នេះ បានឱ្យដឹងថា គម្រោងវិនិយោគលើសាងសង់រោងចក្រអគ្គិសនីចំនួន៣នេះ ត្រូវបានបញ្ជូនទៅគណៈកម្មការជំនាញដើម្បីពិនិត្យ និងសិក្សាឱ្យបានលម្អិតជាមួយមន្ត្រីជំនាញ មកពីរដ្ឋាភិបាលមុននឹងឈានដល់ការសម្រេចជាផ្លូវការនាពេលខាងមុខនេះ។
យោងតាមខ្លឹមសារកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងវិនិយោគលើវិស័យអគ្គិសនីចំនួន៣ ដូចជា ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី២ គម្រោងខ្សែបណ្ដាញ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប និងទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង។
រដ្ឋាភិបាលបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការវិនិយោគ លើវិស័យអគ្គិសនីយ៍នេះបន្ថែមទៅក្នុងផែនការមេឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៤៕








