អគ្គនាយកដ្ឋានគយដាក់ចេញនូវផែនការប្រមូលចំណូល២,៩ ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដាក់ចេញនូវផែនការប្រចាំឆ្នាំរបស់ខ្លួន ដោយនឹងប្រមូលចំណូលសរុបចំនួន២,៩ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ជាមួ​យនឹងការប្រមូល បានប្រាក់ចំណូលជាមធ្យមប្រចាំខែចំនួន២៥០លានដុល្លារ។

កាលពីដើមខែនេះ GDCE បានសម្តែងការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកCOVID-19  លោកគុណ ញឹមអគ្គនាយក GDCE បានមានប្រសាសន៍ថា វានឹងប៉ះពាល់តិច ដល់ផែនការប្រចាំឆ្នាំសម្រាប់ការប្រមូលប្រាក់ចំណូល។

សម្រាប់ឆ្នាំនេះ លោកបាននិយាយថា ផែនការប្រចាំឆ្នាំរបស់ GDCE នឹងប្រមូលចំណូលសរុបចំនួន២,៩ពាន់លានដុល្លារ ជាមួយនឹងការប្រមូលបានប្រាក់ចំណូលជាមធ្យ​មប្រចាំខែចំនួន២៥០លានដុល្លារ។

លោកបានបន្តថា “ក្នុងខែមករាយើងប្រមូលបានជាង២៥០ លានដុល្លារដែលលើ​សពីផែនការរបស់យើង”។ លោកបន្ថែមថា “ទោះជាយ៉ាងណាការរាតត្បាតជំងឺ ដែលកំពុងកើតមានបានប៉ះពាល់ ដល់ផែនការសម្រាប់ខែកុម្ភៈ ដោយការប្រមូលចំណូលមានចំនួន២៣៥លានដុល្លារដែលទាបជាងការរំពឹងទុក”។

ទោះបីជាយ៉ាងណាក៏ដដោយ ការប្រមូលប្រាក់ចំណូលរបស់ខ្លួនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយមានការកើនឡើងជាមធ្យម ១៩,៥ ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៤។

លោកបានថ្លែងថា “សមិទ្ធិផលគួរឱ្យកត់សម្គាល់ គឺជាលទ្ធផលនៃវឌ្ឍនភាពអភិបា​លកិច្ចល្អរបស់ GDCE ដែលឆ្លុះបញ្ចាំងពីការកែទម្រង់ និងការធ្វើទំនើបកម្ម”។

លោកគុណ ញឹមបានកត់សម្គាល់ថា ការប្រមូលចំណូលពីពន្ធគយលើសពី៤២ ភាគរយនៃផែនការរបស់GDCE បើប្រៀបធៀបនឹងឆ្នាំ២០១៤ ហើយប្រាក់ចំណូលបានកើនឡើងពីប្រមា១,៣២ ពាន់លានដុល្លារដល់៣,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ កើនឡើងប្រមាណ២,៥ដង។

យោងតាម GDCE ប្រាក់ចំណូលឆ្នាំ ២០១៩ ពីពន្ធនាំចូលបានកើនឡើងជាង៣០ ភាគរយ និងពីពន្ធលើតម្លៃបន្ថែម(VAT) ប្រមាណ២៩ ភាគរយ។

ប្រភពចំណូលសំខាន់សម្រាប់ឆ្នាំ២០១៩ គឺការនាំចូលយានយន្ត និងគ្រឿងម៉ាស៊ី​ន ដែលតំណាងឱ្យ៥០ភាគរយនៃប្រាក់ចំណូលសរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here