ក្រសួងដែនដីប្រមូលចំណូលចូលថវិការជាតិបានប្រមាណ១១៤លានដុល្លារក្នុងមួយឆ្នាំ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិសរុប បានប្រមាណ១១៤លានដុល្លារកាលពីឆ្នាំ ២០១៩កន្លងទៅ មានការកើនឡើងប្រមាណ១៧,៥០ ភាគរយ។

តាមរយៈបាយការណ៍ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០១៩កន្លងទៅ ក្រសួងបានប្រ​មូ​លចំណូលចូលថវិការជាតិសរុប១១៤លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ១៧,៥០ភាគរយ ស្មើនឹង១៧លានដុល្លារបើប្រៀបធៀបកាលពីឆ្នាំចាស់។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងចំំណោមចំណូលដែលប្រមូលបានប្រមាណ១១៤លានដុល្លារ ក្នុងនោះបានពីការប្រមូលលើសេវាសុរិយោដី បានចំនួន ១២,៥០លានដុល្លារ។ ចំណូលពីសេវាសំណង់ទូទៅបានចំនួន១១,១៥លានដុល្លារ។ ចំណូលពីសេវាសំណង់ លើសសន្ទស្សន៍បានចំនួន៣,៦០លានដុល្លារ និងចំណូលពីការជួលអចលនទ្រព្យបានចំនួន០,០៧លានដុល្លារ។

ដោយឡែកចំណូលចូលជាថវិកាជាតិ ដែលមានទំហំច្រើនជាងគេនោះ គឺបានមកពីចំណូលពន្ធប្រថាប់ត្រាពីការផ្ទេរកម្មសិទ្ធិ ដែលប្រមូលនៅអង្គភាពពន្ធដារបានរហូតដល់ទៅចំនួន៨៦,៧៥លានដុល្លារ។

ពាក់ព័ន្ធទៅនឹងការប្រមូល ចំណូលចូលថវិកាជាតិពីពន្ធប្រថាប់ត្រា ដែលជាប្រភពចំណូលច្រើនជាងគេនេះ ស្ថិតនៅក្នុងភាពប្រឈម នឹងភាពភ័យខ្លាចការរាតត្បាតមេរោគ Covid-19 នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានសម្រេចផ្អាកការយកពន្ធប្រថាប់ត្រាទៅលើរាល់ការទិញលំនៅដ្ឋានទាំងឡាយណា ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក្នុងគោលបំណងបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋដែលមានចំណូលទាប ក៏ដូចជាជួយជំរុញ ឱ្យចរន្ត នៃការទិញលក់វិស័យមួយនេះ នៅតែបន្តសកម្មភាពរលូន និងលើកកម្ពស់វិស័យសំណង់លំនៅដ្ឋានពេញមួយឆ្នាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here