ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានសម្រេច ដាក់ចេញនូវវិធានការបន្ទាប់ចំនួ ន៥ បន្ថែមពីលើវិធានការចាស់ ដើម្បីជួយបង្កើនដើមទុនដល់បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នានា ក្នុង ការជួយ កាត់បន្ថយនូវផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺ Covid_19 ។
បន្ថែមលើវិធានការដែលបានដាក់ចេញចំនួន៣កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បី បង្កើនដើមទុន នោះ នៅយប់ថ្ងៃដដែលនេះ ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
វិធានការទាំង៥ចំណុចនេះរួមមាន៖
១៖ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។
២៖ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។
៣៖ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។
៤៖ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។
៥៖ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។
ដោយឡែក វិធានចំនួន៣ ដែលបានដាក់ចេញក្នុងគោលបំណងជួយបង្កើនដើមទុនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីមានលទ្ធភាពបន្តផ្ដល់កម្ចី រួមមាន ៖
១៖ ធនាគារជាតិនៃកម្ពុជា ពន្យារការឱ្យអនុវត្តន៍នូវប្រកាស ស្ដីពីទ្រនាប់ដើមទុន ដែលគ្រោងឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនទុនបង្វិល ដែលមានអនុបាតពី៥០ភាគរយទៅ១០០ភាគរយ នៅដើមឆ្នាំ២០២០ ត្រូវពន្យារពេលដល់ឆ្នាំ២០២១។ ការធ្វើបែបនេះ ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដើមទុនច្រើនក្នុងដៃ ងាយស្រួលផ្តល់កម្ចីឱ្យអតិថិជន។
២៖ កាត់បន្ថយអត្រាការប្រាក់នៃប្រតិបត្តិការផ្ដល់សន្ទនីយភាពមានការធានា ហៅកាត់ថា LPCO ។ ចាប់ពីថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា សម្រេចកាត់បន្ថយអត្រាការប្រាក់ ដើម្បីឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដេញថ្លៃរកប្រាក់រៀល ប្រើប្រាស់ជាដើមទុន។
៣៖ កាត់បន្ថយការប្រាក់មូលបត្រអាចជួញដូរបាន (NCD) ដែលកន្លងទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទិញពីធនាគារជាតិនៃកម្ពុជា ដើម្បីចំណេញអត្រាការប្រាក់ ប៉ុន្តែចាប់ពីស្អែកទៅ គឺត្រូវកាត់បន្ថយអត្រាការប្រាក់ ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បង្ខិលពីការទិញ NCD ទៅជាផ្តល់កម្ចីឱ្យអតិថិជនវិញ ។
អគ្គនាយក បច្ចេកទេស ធនាគារជាតិ នៃកម្ពុជា លោកស្រី ជា សិរី បានមានប្រសាសន៍ ថា «ដោយសារសង្កេតឃើញនូវការវិវត្តន៍ថ្មីៗ យើងក៏សម្រេចចិត្តដាក់ចេញវិធានការថ្មីចំនួន៣ទៀត ដើម្បីសម្រួលសន្ទនីយភាព (មានទុនច្រើនក្នុងដៃ)។ ការដែលយើងទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្តល់ឥណទាន ឬក៏យើងទាមទារចង់ឱ្យគ្រឹះស្ថាន រក្សាភាពទន់ភ្លន់ ក្នុងការលើកលែងការយកការប្រាក់ ឬប្រាក់ដើមនោះ គឺទាមទារឱ្យគ្រឹះស្ថាន ត្រូវតែមានលុយច្រើនក្នុងដៃ បានន័យថា មានសន្ទនីយភាពច្រើនក្នុងខ្លួន»។
លោកស្រីបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឱ្យអាជីវកម្មមួយចំនួនជួបញ្ហា ដោយសារមិនមានអតិថិជន ធ្វើឱ្យមានចំណូលតិចជាងមុន ឬខាត ក្នុងករណីអាជីវករទាំងនោះ មានឥណទានជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ យើងបានស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រក្សាភាពទន់ភ្លន់តាមស្ថានភាពជាក់ស្ដែង ដោយអាចពិនិត្យមើលលទ្ធភាពបន្ធូរបន្ថយ ឬពន្យារពេលក្នុងការសង់ប្រាក់ ឬការប្រាក់»។
លោកស្រីបន្តទៀតថា «យើងបានផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថាននីមួយៗធ្វើទៅតាមលក្ខខណ្ឌផ្សេងៗ មានន័យថា ប្រសិនបើអាជីវករមានបញ្ហាជាក់លាក់ ដោយសារតែជំងឺ Covid_19 ពិតមែន គ្រឹះស្ថានអាចពន្យារពេលការសង់ប្រាក់ដើម, ការប្រាក់ ឬគាត់អាចកាត់បន្ថយនូវ អត្រាការប្រាក់ជាដើម តាមស្ថានភាពជាក់ស្ដែង។ ប្រសិនក្រុមហ៊ុនខ្លះ អាចមានលទ្ធភាព អាចពន្យារពេលខ្លះ ឬអាចពន្យារសងប្រាក់ដើម តែយកអត្រាការប្រាក់ ទាំងនេះខាងធនាគារជាតិ បានសំណូមពរដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ»៕






