រដ្ឋាភិបាលបញ្ជាក់ កម្ពុជាមិនមានបញ្ហាខ្វះខាតអង្ករ អំឡុងពេលនៃការរីករាលដាល COVID-19

0

ដោយ ប៊ី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការផ្ទុះឡើងនៃកូវីដ១៩ (COVID-19)នៅលើពិភពលោល រួមមានប្រទេសកម្ពុជា ធ្វើឱ្យមានក្តីបារម្ភ ដល់ប្រជាជនកម្ពុជា និងអាចជះឥទ្ធិពលលើតម្លៃស្បៀងអាហារ ជាពិសេសគឺថ្លៃអង្ករ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយរបស់ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា។

ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិន របស់សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា នៅទូទាំងប្រទេសលើទីតាំងចំនួនជាង៤០០រោងម៉ាស៊ីនកិនស្រូវ គឺមានបរិមាណគ្រប់គ្រាន់សម្រាប់ ផ្គត់ផ្គង់ជូនតាមតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញ ស្របពេលដែលការប្រមូលផលស្រូវប្រាំង ២០១៩-២០២០ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ គឺបាននឹងកំពុងច្រូតកាត់បានជាង៨០% ស្មើនឹងជាង ២.៣លានតោនស្រូវ ហើយតំបន់មួយចំនួន គឺចាប់ផ្តើមធ្វើការដាំដុះជាបន្តទៀត។

ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និង សហព័ន្ធស្រូវអង្ករកម្ពុជា “សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយចំនួនឆ្លៀតដំឡើងថ្លៃអង្ករបាន។ សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ បានត្រៀមសន្និធិ និងលក្ខណៈគ្រប់គ្រាន់សម្រាប់លក់ជូនដល់ទីផ្សារ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានានៅក្នុងប្រទេស”។

សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នៅបន្តដំណើរការបើកលក់អង្ករចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ រហូតអាចទប់ស្កាត់ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ និងឈានទៅលុបបំបាត់ជំងឺនេះ បានទាំងស្រុងពីកម្ពុជា តាមទីតាំងកំណត់មួយចំនួន នៅរាជធានីភ្នំពេញដូចខាងក្រោម៖

* ស្នាក់ការក្រុមហ៊ុនហ្រ្គីនត្រេដ អាគារលេខ៦៥-៦៧-៦៩ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេខទូរស័ព្ទ០១២ ២៩៨ ៩២៥។

* មណ្ឌលឃ្លាំងក្រុមហ៊ុនហ្រ្គីនត្រេដ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីដែលមានកង្វះខាតអង្ករ នៅតាមបណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម រួមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកអង្ករតាមរថយន្តធំ ទៅលក់ដល់ទីតាំងផ្ទាល់តែម្តង ដោយប្រើពេលវេលាមិនឱ្យលើសពីរយៈពេល២៤ម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here