ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងចំណោមរោងចក្រទាំង៥៤ ដែលបានដាក់ពាក្យស្នើសុំបិទទ្វារបណ្ដោះអាសន្ន ដោយសារតែមានបញ្ហាលើកង្វះខាតវត្ថុធាតុដើម កាលពីពេលកន្លងទៅនោះ ពេលនេះមានរោងចក្រចំនួន១០ បានចាប់ផ្ដើមដំណើរការឡើងវិញ បន្ទាប់ពីទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម ក្នុងជំហានដំបូងមកពីប្រទេសចិន ខណៈដែលគ្រប់បណ្តារោងចក្រ សហគ្រាសទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំងនៅមានដំណើរការទាំងអស់។
អភិបាលរងខេត្តកំពង់ឆ្នាំង លោកស៊្រន សំឫទ្ធី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាពខេត្តកំពង់ឆ្នាំង និងលើកទិសដៅអនុវត្តបន្ត» នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ គ្រប់បណ្តារោងចក្រ សហគ្រាសនៅទូទាំងខេត្តកំពង់ឆ្នាំ នៅតែបន្តដំណើរការធម្មតា ដោយមិនមានរោងចក្រណាមួយបិទទ្វារនោះទេ។
លោកបន្តទៀតថា “ស្របទៅនឹងសេចក្ដីជូនដំណឹង និងការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី ភាពប្រឈមនៃការខ្វះខាតវត្ថុធាតុដើម សម្រាប់ដំណើរការវិស័យរោងចក្រកាត់ដេរ អជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធបានសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់រោងចក្រ ក៏ដូចជាម្ចាស់ទុនវិនិយោគរៀបចំផែនការ និងយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ សង្វាក់ផលិតកម្មនៅតែមានដំណើរ ជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់ភាគីម្ចាស់រោងចក្រ ក៏ដូចជាកម្មករផងដែរ”។
លោកបានថា“ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ ទាំងអាជ្ញាធរ និងម្ចាស់រោងចក្រពិតជារីករាយ នៅពេលដែលប្រទេសចិនបានបញ្ជូនវត្ថុធាតុដើម មកផ្គត់ផ្គង់ដំណើរការរបស់រោងចក្រនៅកម្ពុជា បើទោះបីជាចំនួននៃការផ្គត់ផ្គង់ទាំងនេះ នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅទូទាំងប្រទេសក៏ដោយ”។
អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោកកាំង ម៉ូនីកា បានប្រាប់នៅព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២០នេះថា ចំនួនរោងចក្រ៥៤ ដែលដាក់ពាក្យស្នើសុំព្យួរនោះ ក្នុងនោះ មានកម្មករប្រហែលជាង២ម៉ឺននាក់ ត្រូវបានសម្រាកនៅផ្ទះផងដែរ។ លោកឱ្យដឹងទៀតថា ដោយឡែក សម្រាប់រោងចក្រដទៃផ្សេងទៀត ដែលបើកដំណើរការធម្មតា គឺមានប្រកាន់ខ្ជាប់ជានិច្ចនូវការវាស់កម្ដៅ និងលាងសំអាតដៃមុនឱ្យចូលធ្វើការជាដើម។
ដោយឡែក ទាក់ទងនឹងការនាំចូលវត្ថុធាតុដើម លោក ម៉ូនីកា បានបញ្ជាក់ថា ឃើញមានមកជាបណ្តើរៗហើយ ប៉ុន្តែយើងមើលសមត្ថភាពក្នុងការផ្គត់ផ្គង់កាលពីសប្តាហ៍មុននេះ ដូចជាបានត្រឹម៥០% នៃអ្វីដែលធ្លាប់ផ្គត់ផ្គង់ពីអតីតកាល តែសង្ឃឹមថាសប្តាហ៍នេះនិងសប្តាហ៍ក្រោយៗទៀត អាចនឹងកើនឡើងថែមទៀត ដោយសារស្ថានភាពនៅចិន ឃើញមានការល្អប្រសើរឡើងហើយ។
ជុំវិញ នៃការបិទនិងសុំព្យួររោងចក្រ សហគ្រាសចំនួន៥៤ខាងលើ លោកសេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា គិតរហូតមកដល់ពេលនេះ មានរោងចក្រប្រមាណជាង១០ បានបើកដំណើរការឡើងវិញហើយ ដោយសារតែថ្មីៗនេះរដ្ឋាភិបាលចិន បានដឹកវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ មកដល់ប្រទេសកម្ពុជា ដែលជួយសម្រួលដល់កម្មករនិយោជិតចូលធ្វើការជាធម្មតាឡើងវិញ៕






