NBCផ្តល់កម្ចីលទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបញ្ចេញកម្ចី១,៨០០ លានដុល្លារ ប៉ុន្តែមិនទាន់ទម្លាក់ការប្រាក់

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC)បានសម្រេចកាត់បន្ថយប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មកត្រឹម៧ភាគរយ ចំពោះប្រាក់រៀលនិងរូបិយប័ណ្ណ។ នេះបើយោងតាមសេចក្តីប្រកាសស្ដីពី ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។

ការប្រកាសនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានលទ្ធភាពផ្ដល់កម្ចីបន្ថែមជូនអតិថិជនចំនួន១,៨០០ លានដុល្លារអាមេរិកបន្ថែម មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទីមួយ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចបន្ដផ្ដល់កម្ចី ឬផ្ដល់កម្ចីថ្មីដល់អតិថិជន ដើម្បីអាចរក្សាបាននិរន្ដភាពអាជីវកម្ម និងជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃការរីករាលដាលនៃវីរុសកូវីដ១៩។

បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា នឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលវិបាកដែលបង្កឡើង ដោយការរីករាលដាលនៃវីរុសកូវីដ១៩។

ធនាគារជាតិនៃកម្ពុជា បានកំពុងចាត់វិធានការមួយចំនួន ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាល ធនាគារជាតិនៃកម្ពុជា តាមរយៈការលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុញ្ញាតឲ្យអ្នកខ្ចីប្រា​ក់ពន្យារពេល សងប្រាក់ ឬសងតែការប្រាក់ តាមស្ថានភាពជាក់ស្ដែង និងលទ្ធភាពរបស់គ្រឹះស្ថាន។

អត្រាប្រាក់បម្រុងកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតម្រូវឱ្យរក្សាទុកពី ៨ ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណបរទេសនៅក្នុងធនា​គារជាតិនៃកម្ពុជាំ។ ប៉ុន្តែដោយសារផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19  ធនាគារជាតិបន្ថយមកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណបរទទេសក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

អ្នកជំនាញមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងស្ថានភាពនេះធនាគារជាតិនៃកម្ពុជា ឬរដ្ឋាភិបាលគួរទម្លាក់អត្រាការប្រាក់ដល់ម្ចាស់អាជីវកម្ម និងអ្នកមានតម្រូវការឥណទានផងដែរ ព្រោះការបញ្ចេញប្រាក់នេះមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងស្ថានភាពនេះទេ ខណៈបណ្តាធនាគារកណ្តាល នៅតាមបណ្តាប្រទេសនានានៅលើពិភពលោកបានទម្លាក់ការប្រាក់របស់ខ្លួនភាគច្រើនរួចទៅហើយ។

លោកបន្តថា “តួនាទីធនាគារជាតិដែលជាអ្នករៀបចំគោលនយោបាយ និងតាមដានការអនុវត្តន៍ការផ្តល់ឥណទាន ឬគោលនយោបាយនានា គួរគិតផលប្រយោជន៍មនុស្សភាគច្រើន ជាជាងគិតលើផលប្រយោជន៍ធនាគារិកនានា ព្រោះអត្រាការប្រាក់នៅកម្ពុជាមានកម្រិតខ្ពស់ណាស់ ធៀបជាមួយបណ្តាប្រទេសនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here