ដោយ ហ្សូលី
ភ្នំពេញៈ កម្ពុជាសម្រេចបញ្ឈប់ជាផ្លូវការ នូវផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីស្ថិតនៅទន្លេមេគង្គក្រោមរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះកំពុងពិនិត្យមើលឡើងវិញ នូវគោលនយោបាយស្វែងរកថាមពលធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យ ។ នេះបើតាមឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃពុធ ទី ១៨ មីនា ឆ្នាំ ២០២០នេះ។

ការសម្រេចនេះ ដោយសារតែប្រទេសជិតខាង គឺប្រទេសឡាវបានបើកទំនប់ថ្មីចំនួន២បន្ថែមទៀត នៅលើដងទន្លេមេគង្គក្នុងរយៈពេល៦ខែចុងក្រោយនេះ។ ប្រទេសឡាវជាប្រទេសតែមួយគត់ ដែលមានផែនការសាងសង់វារីអគ្គិសនី នៅអាងទន្លេមេគង្គក្រោម។
ឆ្លងកាត់ព្រំដែនក្នុងប្រទេសឡាវ ថាមពលពីកន្លែងវារីអគ្គិសនីដនសាហុងថ្មី បានចាប់ផ្តើមហូរចូល ទៅក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសកម្ពុជា កាលពីខែមករាក្រោមកិច្ចព្រមព្រៀងដែលមានអាយុកាល៣០ឆ្នាំ។
ប្រទេសកម្ពុជាកាលពីឆ្នាំមុន មានការដាច់ចរន្តអគ្គិសនីច្រើន ដោយសារតែតម្រូវការកើនឡើង ព្រោះមានការរីកចំរើនផ្នែកសំណង់ អមនឹងការវិនិយោគរបស់ចិន។
លោក វិចទ័រ ចូណា អគ្គនាយកថាមពលនៅក្រសួងរ៉ែ និងថាមពលនៃប្រទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានReutersថា “រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន ហើយណែនាំកម្ពុជាឱ្យស្វែងរកថាមពលនៅតំបន់ផ្សេង”។លោកបន្ថែមថា “យោងទៅតាមការសិក្សា យើងត្រូវការការអភិវឌ្ឍធ្យូងថ្ម LNG ដែលនាំចូលពីប្រទេសជិតខាង និងថាមពលពន្លឺព្រះអាទិត្យផងដែរ”។
នៅក្នុងផែនការ ១០ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ ដល់២០៣០ កម្ពុជាមិនមានផែនការអភិវឌ្ឍទំនប់វារីអគ្គិសនីទេ។ ហើយយើងក៏មិនអាចផ្តល់ព័ត៌មានលម្អិត និងគម្រោងមេរបស់រដ្ឋាភិបាលបានដែរ។
អគ្គិសនីកម្ពុជា ប្រើថាមពលវារីអគ្គិសនីប្រហែល៤៨% នៃផលិតកម្មអគ្គិសនី ក្នុងស្រុក។ នេះបើតាមឋអគ្គិសនីកម្ពុជា៕
ប្រភព(REUTERS)






