ដោយៈ រ៉ាណេត
ភ្នំពេញៈ មានការលើកឡើងជាច្រើន ពាក់ព័ន្ធទៅនឹងការទទូចស្នើសុំដល់ធនាគារជាតិនៃកម្ពុជា ក្នុងការជួយសម្របសម្រួល ដល់បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ក្នុងការពន្យារពេលលើការបង់ប្រាក់ រួមជាមួយនឹងការលើកលែងការប្រាក់ក្នុងអំឡុងពេលវិបត្តិ Covid-19។
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់អំពីលទ្ធភាពរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤ ពាក់ព័ន្ធទៅនឹងកិច្ច ជួយសម្របសម្រួលជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោកស្រីបានសរសេរលើបណ្តាញទំ នាក់ទំនងសង្គមគណនីផ្លូវការរបស់លោកស្រីថា ធនាគារជាតិនឹងផ្តល់នូវការសម្របសម្រួលមួយចំនួនដូចជា ទី១- ការត្រូវផ្តល់ការពន្យាឫ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន។ ដូចអ្នករកស៊ីដទៃទៀតដែរ រដ្ឋមិនអាចឲ្យគេលក់ក្នុងតម្លៃមួយដែលគេខាតបានទេ។ នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួស តាមរយៈការមិនយកពន្ធឫវិធានការផេ្សងៗ។
យើងអាចបង្ខំឲ្យធនាគារធ្វើបាន លុះត្រាតែធនាគារ ទទួលផលប្រយោជន៏អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកស៊ី ហើយរដ្ឋឲ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឲ្យ ក៏យើងមិនសុខចិត្តដែរ។
ទី២ ការទាមទាឱ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ក្នុងការពន្យាការយកការប្រាក់ឫប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយធនធានធំណាស់ដើម្បីធ្វើការងារនេះ។ ធនាគារប្រៀបដូចមេតុងទីនអញ្ចឹងដែរ បើអ្នកដេញបានមុនមិនបង់ចូលក្រុម មេតុងទីនត្រូវទទួលខុសត្រូវ ហើយអ្នកក្រោយក៏អត់បានដេញដែរ។ ណាមួយមិនដឹងថាវិបត្តិនេះបន្តយូរប៉ុណ្ណាទេ ដូច្នេះធនាគារគេចង់ជួយអ្នក ដែលជួបបញ្ហាពិតប្រាកដនិងធ្ងន់ធ្ងរ។
ដូច្នេះត្រូវជួយអ្នកពិបាកពិតប្រាកដមុនគេ ព្រោះធនាគារក៏មានធនធានមានកម្រិតដែរ។ ជាពិសេសបើអ្នកមានលុយសល់ឈប់ផ្ញើនៅធនាគារ ធនាគារក៏ពុំមានទុនបង្វិលដែរ។ ទី៣ មានសំនួរថាបើអញ្ចឹង ធ្វើអីមិនបានៗ ទុកឲ្យអ្នករកស៊ី តូចតាចស្លាប់ឫ? អត់ដល់ម្លឹងទេ។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសម្រួលនិងមានភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង។ បើគាត់គិតថាអតិថិជនណាមួយជួបវិបត្តពិតប្រាកដ ដោយសារ Covid ១៩ នោះគាត់នឹងជួយ ហើយអាចជួយលើសពីការស្នើរសុំពីអាជ្ញាធរទៀត។
ប៉ុន្តែបើក្រុមហ៊ុននោះតាមពិតទៅជួបបញ្ហា តាំងតែពីមុនវីរ៉ុសវាយលុគ នោះគេអាចមិនជួយ ព្រោះទោះជាស្ថានភាពបច្ចុប្បន្នល្អឡើងវិញ ក៏ស្រោចស្រង់មិនរួចដែរ។
ទី៤ ជាថ្នូរនឹងការអនុវត្តនេះ ធនាគារជាតិនៃកម្ពុជាបានចេញវិធានការ៥យ៉ាងដើម្បីជួយគ្រឹះស្ថានវិញ។ ដោយមិនបាច់ចូលជ្រៅក្នុងបច្ចេកទេសធនាគារ យើងគ្រាន់តែដឹងថាវិធានការទាំងនេះមានគោលបំណង បន្ថូរបន្ថយ ថ្លៃដើម នៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឱ្យគាត់បន្តផ្តល់ឥណទាន ក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើនក្នុងដៃរដើម្បីផ្តល់ភាពងាយស្រួល ដល់ការសម្រេចចិត្តពន្យាពេលសងរបស់គាត់៕






