សម្តេចតេជោប្រកាសបិទការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម លើកលែងតែការដឹកជញ្ជូនទំនិញ

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា និងប្រជាជនកម្ពុជាចូលទៅក្នុងប្រទេសវៀតណាមចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនាតទៅ តែសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាន់ព្រំដែននៅតែដំណើរការដដែល។

យោងតាមសារជាសំលេងតាមរយៈប្រព័ន្ធតេឡេក្រាមមួយបង្ហាញថា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការសម្រេចនេះបានធ្វើឡើងដើម្បីជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកចូលមកហើយ ត្រូវរដ្ឋាភិបាលវៀតណាម ដាក់ដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ។

សម្តេចតេជោថា “ការផ្លាស់ប្តូរទំនិញ បើអាចធ្វើទៅបាន គឺយើងឆ្លងទៅយកទំនិញនៅខាងវៀតណាមដើម្បីយកចូលមកស្រុកយើង រួចហើយខាងគាត់ឆ្លងមកយកទំនិញខាងនេះ (កម្ពុជា) យកទៅចូលស្រុកគាត់(វៀតណាម) ។ អញ្ចឹងទេ ពាណិជ្ជកម្មនៅតែដំណើរធម្មតា និងធ្វើឱ្យពាណិជ្ជកម្មនៅតាមព្រំដែននៅតាមព្រំដែននៅតែដំណើរការធម្មតា”។

សម្តេចតេជោបន្តថា “វៀតណាមដឹកទំនិញមកដាក់នៅកន្លែងណាមួយទៅ យើងយកឡានទៅដឹកចេញពីទីនោះមក ហើយយើងដឹកទំនិញទៅដាក់កន្លែងណាមួយ ហើយវៀតណាម យកឡានមកដឹកចូលទៅវៀតណាមទៅ ។ អញ្ចឹងទំនិញនៅតែមានការផ្លាស់ប្តូរបានតាមរយៈ យើងមិនឆ្លងចូលទៅកាន់វៀតណាម ហើយវៀតណាមនិងមិនចូលកម្ពុជាទេ”។

សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា ការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹក ឬបដិការនោះទេ ស្របពេលដែលវៀតណាមបានបិទច្រកព្រំដែនចេញកម្ពុជាដោយគ្មានការជូនដំណឹង ។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

លិខិតនេះ បញ្ជាក់ថា ការសម្រេចរបស់កម្ពុជា ក្នុងការបិទច្រកព្រំដែនកម្ពុជា-វៀតណាម ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលរដ្ឋាភិបាលវៀតណាមបានសម្រេចបិទច្រកភ្លាមៗ ដោយមិនបានជូនដំណឹងដល់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here