ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ យ៉ាងយូរនៅអំឡុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ បណ្តាសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតទៅលើវិស័យចំរុះផ្សេងគ្នាតាមរយៈសមាគមជប៉ុន-កម្ពុជា។

ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) បានសន្យានៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូស័ក្ដិ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានមានប្រសាសន៍បញ្ជាក់ថា ដោយសារការមើលឃើញពីភាពជាក់ស្ដែងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងភាពល្អប្រសើនៅក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ នៅត្រឹមអំឡុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ តាមរយៈសមាមជប៉ុន-កម្ពុជា នឹងនាំសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត។
លោក តាកាហាស៊ី ហ្វូមីអាគី បានបន្តទៀតទៀតថា “នៅក្នុងចំណោមសហគ្រាសខ្នាតតូច និងមធ្យម ដែលមានបំណងចូលមកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ គឺមានច្រើនវិស័យផ្សេងគ្នា ហើយតាមរយៈវត្តមានសហគ្រាសទាំងអស់នេះ ក្រៅពីការបណ្តាក់ទុនវិនិយោគដែលអាចផ្តល់ចំណូលដល់កម្ពុជាក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ថែមទាំងជួយបណ្តុះបណ្តាលជំនាញ និងចំណេះដឹងផ្នែកបច្ចេកទេសដល់ពលករកម្ពុជាផងដែរ”។
លោកបញ្ជាក់ថា “សមាគមជប៉ុន-កម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចលើកទី២ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះម្ដងទៀត ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជាគោលដៅវិនិយោគ និងមូលដ្ឋានផលិតសម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោក និងតំបន់ ខណៈដែលបច្ចុប្បន្ននេះ នៅក្នុងចំណោមសមាជិកសមាគមជប៉ុន-កម្ពុជា មានសហគ្រិនមួយរូប បានបង្ហាញពីចំណាប់អារម្មណ៍ និងកំពុងតែសិក្សាអំពីការផលិតផលិតផលសំអាង និងសាប៊ូពីសូត្រមាសកម្ពុជា ក្នុងការបង្កើតម៉ាកបញ្ជាក់គុណភាព ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងទីផ្សារអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ានើ សូស័ក្ដិ បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។ តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះ កម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឱ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសាទរចំពោះគំនិតផ្ដួចផ្ដើមទាំងអស់នោះ ហើយបានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ឆ្លៀតយកឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ចូលរួមនៅក្នុងពិព័រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា លើកទី១៥ ដែលនឹងត្រៀមធ្វើនៅខែធ្នូ ឆ្នាំ២០២០ផងដែរ។ ដោយឡែកទាក់ទងនឹងការបង្កើតម៉ាកនានា លោករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការជិតស្និទ្ធជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សា និងធ្វើការបន្ថែមលើករណីនេះ។
យោងតាមកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ២០១៩ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបជាង ២,៥ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿង បង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែ ច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិ យោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាព ធុរកិច្ច ជប៉ុនតូចធំ ប្រមាណ ១,៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យដូចជា វិស័យ ធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន ជាដើម៕






