ក្រុមហ៊ុនផលិតចំណីសត្វដ៏ធំរបស់ចិននឹងបើករោងចក្រនៅកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វយក្សរបស់ចិន Yantai China Pet Foods Co. , Ltd កំពុងវិនិយោគលើក្រុមហ៊ុនផលិតចំណីសត្វចិញ្ចឹមថ្មីមួយនៅក្នុងប្រទេសកម្ពុជាដែលនឹងត្រូវបានហៅថា I Tao Pet Supplies (Cambodia) Co. Ltd។

រោងចក្រថ្មីនេះនឹងមានទីតាំងនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយនឹងផលិតផលិតផលរបស់ក្រុមហ៊ុន Yantai រួមទាំងផលិតផលម៉ាក Wanpy។

ក្រុមហ៊ុន Yantai China Pet Foods Co. , Ltd មានទីតាំងនៅទីក្រុង Yantai ដោយប្រើប្រាស់ទុកវិនិយោគ ១២ លានដុល្លារ លើផ្ទៃដី ៤០០ ០០០ ម៉ែត្រការ៉េ។ ក្រុមហ៊ុនមានរោងចក្រ ១៤ កន្លែងនៅលើពិភពលោក និងរោងចក្រ ១៦ នៅក្នុងប្រទេសចិន។

លោក Hao Zhongli សា្ថនិកក្រុមហ៊ុន Yantai China Pet Foods Co. , Ltd ដែលបានចាប់អាជីវកម្មផលិតចំណីសត្វនេះតាំងពីឆ្នាំ ១៩៩៨ បានថ្លែងថា “សត្វចិញ្ចឹមគឺមិត្តភក្តិ និងគ្រួសាររបស់យើង ហើយក្រុមហ៊ុនព្យាយាមផ្គត់ផ្គង់ចំណីសត្វទៅកាន់អតិថិជនរបស់យើង”។

ប្រទេសកម្ពុជានឹងនៅបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានព្យាករណ៍ថានឹងនៅតែមានកំណើនរឹងមាំនៅក្នុងឆ្នាំ ២០២០ នេះ។

លំហូរចូលនៃការវិនិយោគផ្ទាល់នៅកម្ពុជានឹងមានតម្លៃប្រមាណ ៣,៩៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ កើនឡើង ១០ ភាគរយ បើធៀបនឹង ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា។

កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទឹកប្រាក់ជិត ៣,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ១២ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។

ចំនួន ៤៣ ភាគរយ នៃវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុនបានមកពីប្រទេសចិន ១១ ភាគរយមកពីប្រទេសកូរ៉េខាងត្បូង ៧ ភាគរយពីប្រទេសវៀតណាម ៦ ភាគរយមកពីប្រទេសសឹង្ហបូរី ៦ ភាគរយមកពីប្រទេសជប៉ុននិងចំនួនផ្សេងទៀតបានមកពីប្រទេសផ្សេងទៀត។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារជាតិនៃកម្ពុជា (NBC)៕

LEAVE A REPLY

Please enter your comment!
Please enter your name here