រដ្ឋាភិបាលជប៉ុននៅតែបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ទោះជាប្រឈមនឹងវិបត្តិ Covid-19 ក៏ដោយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីគោលបំណង និងឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់ថា មិនថាទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈមនឹងវត្តបត្តិសាកលដែលកំពុងកើតមានក៏ដោយ រដ្ឋាភិបាលជប៉ុននៅតែបន្តការគាំទ្រ និងផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាដដែល។

តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគេហទំព័រ Property area.asia ដែលទទួលបានមុននេះបានបញ្ជាក់ថា ទោះជាស្ថិតនៅក្នុងបរិការណ៍ពិភពលោក ដែលកំពុងតែមានគ្រោះអាសន្ននេះរដ្ឋាភិបាលជប៉ុន នៅតែមានឆន្ទៈខ្ពស់ និងស្មោះត្រង់ជាមួយកម្ពុជា ដោយការបន្តកិច្ចគាំទ្រ និងផ្តល់ជំនួយក្នុងនាមជាដៃគូអភិវឌ្ឍន៍។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ាសាហុីរូ មុីកាមុី (Masahiro MIKAMI) បានមានប្រសាសន៍ប្រាប់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចជំនួបពិភាក្សាការងារកាលពីពេលថ្មីៗនេះថា “នៅក្នុងអាណត្តិបំពេញកិច្ចការទូតនេះ ខ្ញុំនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តនូវកិច្ចគាំទ្រ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌ ដូចជាហិរញ្ញប្បទានឥតសំណងជាដើម”។

លោកបានបន្តទៀតថា “ជំនួយផ្សេងៗទៀតរួមមានដូចជា ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ”។ ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលតែងផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា- ជប៉ុន នាពេលកន្លងមកនេះ ហើយលោនឹងបន្តជួយផ្សព្វផ្សាយ និងជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង២ឱ្យកាន់តែល្អបន្ថែមទៀត ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក៏ដូចជាធនធានជាច្រើនមកដល់រដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាផងដែរ។

លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា “រដ្ឋាភិបាលជប៉ុន តែងតែផ្ដល់នូវកិច្ចគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ក្នុងភាពជាដៃគូតាំងពីដើមរៀងមក ដែលសកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុននៅតែជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here