កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ខ្នាតតូចជាង៦០០គម្រោងតម្លៃ៦០លានដុល្លារ ពីប្រទេសជប៉ុន

0

ដោយ ហ្សូលី

ភ្នំពេញៈ បើគិតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាយល់ព្រមទទួលយកជំនួយសម្រា​ប់អភិវឌ្ឍន៍ខ្នាតតូចចំនួនជាង៦០០គម្រោងហើយពីប្រទេសជប៉ុន។

ជំនួយនោះ នឹងត្រូវប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រជាជននៅកម្ពុជា។ នេះបើតាមប្រសាសន៍ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិជប៉ុន) នាព្រឹកថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២០ នេះនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩១រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តន៍ គម្រោងគូសាណូណិនេះចំនួន៦២៤គម្រោង នៅទូទាំងប្រទេសកម្ពុជា។

លោកMikami Masahiro បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥត សំណងក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិជប៉ុន) សម្រាប់ការសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដូចជានៅខេត្តរតនៈគិរី ក្រចេះ មណ្ឌលគិរី ពោធិ៍សាត់ ជាដើម ដើម្បីធានាឱ្យប្រជាជនក្នុងតំបន់ អាចទទួលបានទឹកស្អាត និងអនាម័យយ៉ាងងាយស្រួល ព្រមទាំងកែលម្អជីវភាពរស់នៅកា​ន់តែប្រសើរថែមទៀត។

ឯកអគ្គរាជទូតរំពឹងថា “គម្រោងជំនួយរបស់រដ្ឋាភិបាលជប៉ុនទាំងអស់នេះ ពិតជានឹងទទួលបានផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា”។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយគូសាណូណិរបស់ជប៉ុន” ជាគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន។ គម្រោងនេះមានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯង របស់ប្រជាសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here