ដោយ ហ្សូលី
ភ្នំពេញៈ ស្ថានីយ៍បូមទឹកសម្រាប់រំដោះទឹកចេញ ពីភាគខាងលិចឆៀងខាងជើងក្រុងភ្នំពេញមានឈ្មោះថា «ទួលសំពៅ» បានស្ថាបនាប្រមាណ៨០%ហើយ។

ស្ថានីយបូមទឹកទួលសំពៅមានទីតាំង ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ជាប់នឹងខណ្ឌ សែនសុខ មកដល់ពេលនេះ អនុវត្តន៍សម្រេចបាន៨០ភាគរយហើយ។ ស្ថានីយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីភាគខាងលិច ឆៀងខាងជើងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ព្រលានយន្តហោះភ្នំពេញ និងនៅតំបន់ជុំវិញ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍នៅទី១៩ខែមីនា ឆ្នាំ២០២០នេះថា គិតមកដល់ថ្ងៃនេះ ការសាងសង់ដោយបំពាក់ ម៉ាស៊ីនបូមទឹកបន្ថែម នៅស្ថានីយបូមទឹកទួលសំពៅអនុវត្តន៍ ការងារបានសម្រេច៨០ភាគរយហើយ។ ចំពោះសមត្ថភាពនៃស្ថានីយបូមទឹកទួលសំពៅ សម្រាប់ម៉ូទ័រចាស់មានមុខកាត់៨តឹកចំនួន៣គ្រឿង ដែលបានសាងសង់ឡើង កាលពីពេលអតីតអភិបាលរាជធានីភ្នំពេញមកម្ល៉េះ គឺអាចបូមទឹកបាន៥ម៉ែត្រគុបក្នុងមួយវិនាទី។
លោកបន្តថា “នៅដំណាក់កាលចុងក្រោយនេះ ក្រោមការដឹកនាំពីអភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យបំពាក់ម៉ូទ័របន្ថែមចំនួន៤គ្រឿងទៀត ដែលមានមុខកាត់ទំហំ១ម៉ែត្រ អាចបូមទឹកបាន១២ម៉ែត្រគុបក្នុងមួយវិនាទី”។ លោកបន្ថែមថា “ក្រោយពីការស្ថាបនាស្ថានីយត្រូវបានបញ្ចប់នោះ ស្ថានីយនឹងមានសមត្ថភាពអាចបូមទឹកបានរហូតដល់១៧ម៉ែត្រគុបក្នុងមួយវិនាទី”។
ស្ថានីយបូមទឹកទួលសំពៅមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌកំបូល មួយផ្នែកនៅខណ្ឌសែនសុខ និងមួយផ្នែកទៀតរំដោះ ទឹកចេញពី ស្រុកអង្គស្នួល ពិសេសរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី និងតំបន់ជុំវិញ។
នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានស្ថានីយបូមទឹកទាំងថ្មី ទាំងចាស់ និងថ្មីចំនួន១៤កន្លែង ដើម្បីប្រតិបត្តិការបូមទឹកចេញពីក្នុងរាជធានីភ្នំពេញ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ ដែលមិនទទួលការលិចលង់ដោយ ជំនន់ទឹកភ្លៀងយូរដូចបណ្ដាឆ្នាំមុនៗទៀតទេ៕






