ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាប្ដូរសារស្ដីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទំហំទឹកប្រាក់សរុបចំនួន ៣៤,១៣៨លានយ៉េន ស្មើនឹងប្រមាណ ៣១០លានដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។
នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅវិមានសន្តិភាព ក្រោមការផ្តល់វត្តមានជាអធិបតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើកិច្ចចុះហត្ថលេខាប្ដូរសារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា គ្របដណ្ដបលើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។
នៅក្នុងគម្រោងហិរញ្ញប្បទានឥតសំណង រួមមានដូចជា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅមានទឹកប្រាក់ចំនួន ៣៤២១ លានយ៉េន ស្មើនឹងប្រមាណ៣១លានដុល្លារ។ គម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន មានចំនួន ១០០០លានយ៉េន ស្មើនឹង ៩លានដុល្លារ។ គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម មានទឹកប្រាក់ចំនួន៣០០លានយ៉េន ស្មើនឹងប្រមាណ ២,៧លានដុល្លារ។
ដោយឡែកសម្រាប់ឥណទានសម្បទាន សរុបប្រមាណ ២៦៧,៥លានដុល្លារ ដែលក្នុងនោះត្រូវបានបែងចែកជា គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) មានទំហំទឹកប្រាក់ចំនួន ១៧,៧០២ យ៉េន ស្មើនឹងប្រមាណ១៦១លានដុល្លារ ។ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ក្នុងតំណាក់កាលទី៣ (ព្រែកក្ដាម – ធ្លាម្អម) មានទំហំទឹកប្រាក់ចំនួន ១១, ៧១៥ លានយ៉េន ស្មើនឹងប្រមាណ ១០៦,៥លានដុល្លារ។
ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ផងដែរ៕






