ដោយ ហ្សូលី
ភ្នំពេញ៖ ប្រទេសកម្ពុជានៅតែបន្តអនុវត្តការអភិវឌ្ឍ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្តាខេត្តមួយចំនួនដដែល បើទោះបីជាមានការផ្ទុះមេរោគកូវ៉ូណាឬវីរុស ១៩ ក៏ដោយ។

ការជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះមានដូចជានៅតាមផ្លូវជាតិលេខ ១ និងលេខ ៦ ត្រូវអ៊ុតកៅស៊ូបន្ថែមដើម្បីបង្កើនភាពរឹងមាំ ជាមួយការអ៊ុតកៅស៊ូ AC (Overlay) និងការដាក់លូផងដែរ។
មិនតែប៉ុណ្ណោះ ក្នុងខេត្តកែបគឺមានការជួសជុលផ្លូវជាតិលេខ ៣៣ ដែលជាគម្រោងជំនន់ទឹកភ្លៀង មានក្រាលកៅស៊ូ DBST មានទទឹង ៧ម៉ែត្រ ចំនួន ១០កំណាត់ បើគិតមកទល់ពេលនេះសម្រេចបានប្រមាណ ៧០ភាគរយហើយ នេះបើតាមឱ្យដឹងពីក្រសួងសាធារណការនិងដឹកជញ្ជូន។ នៅលើកំណាត់ផ្លូវជាតិលេខ ៣៣A ក្នុងខេត្តកែបដដែល ក៏មានបន្តស្តារលូអ៊ុយផងដែរ។
ក្រឡេកមកមើលខេត្តរតនៈគិរីវិញម្តង មន្ទីរសាធារណការនិងដឹកជញ្ជូនប្រចាំខេត្តបង្កើនការយកចិត្តទុកដាក់បន្ថែមលើការថែទាំផ្លូវជាតិនិងផ្លូវខេត្ត។ ក្នុងនោះ មានការស្រោចកៅស៊ូលើកន្លែងមានស្នាមប្រេះ ការកាយដីគ្មានគុណភាពចេញ ការកៀរសម្រួលតួថ្មលំ និងការរោយថ្មជាដើម។
កំណាត់ផ្លូវជាតិលេខ ៤៨ ក្នុងខេត្តកោះកុង ត្រូវធ្វើការចាក់បេតុងនិងកៀរកិនបង្ហាប់ស្រោចកៅស៊ូ រួចរោយថ្ម ជួសជុលត្រង់ចំនុចខូចខាត ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។
ទន្ទឹមនេះខេត្តបៃលិននៅតែបន្តអនុវត្តការងារថែទាំផ្លូវខេត្តផងដែរ ដែលក្រុមការងារមន្ទីរសាធារណការខេត្តតម្រូវឱ្យធ្វើផ្ទៃថ្នល់រាបស្មើលើកំណាត់ផ្លូវជាតិលេខ ៥៧។

ចំណែកនៅខេត្តសៀមរាបវិញ មានការអនុវត្តហេដ្ឋារចនាសម្ព័ន្ធច្រើនដូចជាការចាក់បេតុងនៅតាមផ្លូវលំតូច និងផ្លូវខេត្ត ការជីកស្រះសហគមន៍ និងគម្រោងជួសជុលទំនប់នានា ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិស្រុកខេត្តប្រើប្រាស់ ទប់ស្កាត់នៅផលវិបាកនានា និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត៕






