ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន CHUGOKU Electric Power Co., Ltd របស់ប្រទេសជប៉ុន បាននឹងកំពុងសិក្សា ផែនការមេអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា និងពិភាក្សាអំពីគម្រោងសហប្រតិបត្តិការបន្តរវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងក្រុមហ៊ុននាពេលអនាគត។

យោងតាមកិច្ចប្រជុំរវាងអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក SHIGERU ASHITANI តំណាងក្រុមហ៊ុន CHUGOKU Electric Power Co., Ltd កាលពីពេលថ្មីៗនេះ បានពិភាក្សាអំពីលទ្ធផល នៃការសិក្សាផែនការមេ អភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា ដែលក្រុមហ៊ុនបានធ្វើក្នុងរយៈពេលកន្លងមក និងគម្រោងបន្តទៀត ។
រដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនChugoku Electric Power Co., lnc មកពីប្រទេសជប៉ុន ការសិក្សាផែនការមេបន្ទាន់ សម្រាប់រយៈពេលមធ្យម (២០២០ ដល់ ២០៣០) ក្នុងក្របខណ្ឌនៃថវិការបស់អគ្គិសនីកម្ពុជា។ តែយ៉ាងណាក៏ដោយរដ្ឋាភិបាលមិនបញ្ជាក់ពីទំហថវិកា ដែលត្រូវបានអនុម័តឱ្យក្រុមហ៊ុននេះ ធ្វើការសិក្សានោះទេ។

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាព បានឱ្យដឹងថា កម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យចំនួន៤ គម្រោងបន្ថែមទៀតដែលជាគម្រោងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឲ្យដំណើរការឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន សម្រាប់ជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនី នៅក្នុងឆ្នាំ២០២០ និង ២០២១ ។
ចំពោះដំណើរការនៃការអភិវឌ្ឍគម្រោងទាំង៤នោះ តាមការសិក្សារបស់ក្រុមហ៊ុន ជប៉ុន និងក្រុមហ៊ុនអូស្ត្រាលីមានប្រសិទ្ធភាព ត្រូវបានគ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី គឺគម្រោងទី១ នៅខេត្តពោធិ៍សាត់៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង២០មេហ្កាវ៉ាត់ ។
ផលប្រយោជន៍នៃការអភិវឌ្ឃគម្រោងទាំង៤ ត្រូវបានអគ្គិសនីកម្ពុជាបានលើកឡើងថា តាមការពិនិត្យនិងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិនិយោគគម្រោងនេះមានផលប្រយោជន៍ ចំពោះព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់។
ព្រមទាំងផ្តល់បន្ថែមប្រភពអគ្គិសនី ដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនី អាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។ នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ។

លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធ ប្រមាណ១,៨លានដុល្លារអាមេរិកក្នុង១ឆ្នាំជាមធ្យម ក្នុងរយៈពេល២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕






