ដោយៈ រ៉ាណេត
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រសីហនុបាននិងកំពុងរៀបចំ និងត្រៀមសណ្ឋាគារកម្រិតអន្តរជាតិចំនួន២ ដែលមានគ្រែជាង២០០សម្រាប់ដាក់អ្នកជំងឺឆ្លង Covid-19 ខណៈដែលចំនួន អ្នកផ្ទុកមេរោគមានចំនួនរហូតដល់៣២នាក់ នៅក្នុងខេត្តជាប់់មាត់សមុទ្រមួយនេះ។
អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីបានពិនិត្យឃើញមានអ្នកផ្ទុកមេរោគ Covid-19 មានចំនួនរហូតដល់៣១នាក់ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរខេត្ត បានសម្រេចបិទសណ្ឋាគារ ដែលពាក់ព័ន្ធតែមួយទីតាំងប៉ុណ្ណោះ ដោយមិនបានបិទក្រុងព្រះសីហនុ ដូចពាក្យចចាមអារាមនោះទេ។
លោកបន្តទៀតថា “អនុលោមតាមអនុសាសន៍របស់សម្ដេចតេជោ អាជ្ញាធរខេត្តបានរៀបចំ និងត្រៀមសណ្ឋាគារចំនួន២កន្លែង សរុបចំនួន១០៦ បន្ទប់ស្មើនឹង២០២ គ្រែ បន្ថែមពីលើមន្ទីរពេទ្យបង្អែកខេត្ត ដែលសរុបទាំងអស់គឺមានចំនួន១២៧បន្ទប់ ស្មើនឹង ២៤៤ គ្រែ រួមជាមួយនឹងអគារមួយចំនួនទៀត សម្រាប់ទុកដាក់អ្នកជំងឺCovid-19” ។
លោកគួច ចំរើនបានបន្តទៀតថា អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាន និងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវផងដែរថា ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺកូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេ គឺមិនបាច់ជួបជុំគ្នាទេនាំគ្នា ធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ៕






