ដោយ ប៊ី
ភ្នំពេញៈ ការសិក្សាមួយដែលធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា (NBC)បានរកឃើញថា ប្រជាជន៧៩ភាគរយបានឆ្លើយថា ពួកគេអាចបង់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិកក្នុងរយៈពេល៧ឆ្នាំខាងមុខ ខណៈNBCបានស្នើឲ្យប្រជាជនបង់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិក ដើម្បីទប់ស្កាត់ការរាលដាលCovid19។
របាយការណ៍សិក្សាបានឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា អ្នកចូលរួមស្ទង់មតិ៧៩ភាគរយ នៃការសិក្សានេះបានឲ្យដឹងថា ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ទំនងជាត្រូវបានប្រើនៅតាមផ្សារទំនើប ក្នុងរយៈពេល៧ឆ្នាំខាងមុខ និង៦១ភាគរយនិយាយដូចគ្នា សម្រាប់ផ្សារទំនើបធំៗ និង៤៩ភាគរយសម្រាប់ហាងលក់រាយ និងហាងងាយស្រួល។
របាយការណ៍នោះបានរាយការណ៍ថា “អ្នកឆ្លើយប្រហែល២៤ភាគរយ បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ចំពោះការទូទាត់តាមទូរស័ព្ទហើយ ប្រហែល១ ភាគ៣ នៃការបង់ប្រាក់ដែលមិនប្រើសាច់ប្រាក់”។
កាលពីចុងសប្តាហ៍កន្លងមកនេះ ធនាគារជាតិបានឲ្យដឹងថា “ដើម្បីរួមចំណែកដល់ការការពារCovid-19ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុនានាកាត់បន្ថយការប្រើប្រាស់ និងការចេញមូលប្បទានប័ត្រ សម្រាប់ការទូទាត់សាច់ប្រាក់ និងការទូទាត់ដោយប្រើប្រាស់ប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក តាមដែលអាចធ្វើទៅបាន”។
កាលពីឆ្នាំមុន ការសិក្សាអំពីឥរិយាបថទូទាត់ប្រាក់ របស់អតិថិជនរបស់ក្រុមហ៊ុនវីសា បានកត់សម្គាល់ពីអត្រារហ័ស ដែលប្រជាជនកម្ពុជាកំពុងទទួលយកការ បង់ប្រាក់ឌីជីថល។

នៅក្នុងឆ្នាំ២០១៧ ចំនួននៃការទិញតាមប្រព័ន្ធឌីជីថល ដែលបានធ្វើដោយប្រើកាតវីសាបានកើនឡើង៥៨ភាគរយ ពីឆ្នាំ២០១៦ ដែលតម្លៃសរុបកើនឡើង៤៣ភាគរយ៕






