ដោយស៊ីវ ម៉េង
ភ្នំពេញៈ គំរោងសាងសង់ឡើងវិញនូវព្រលានយន្តហោះ ក្នុងខេត្តស្ទឹងត្រែង ប្រហែលជាស្ថិតនៅឆ្ងាយនៅឡើយ ខណៈរដ្ឋាភិបាលបានជ្រើសរើសយកខេត្តមណ្ឌលគិរី សំរាប់សាងសង់ព្រលានយន្តហោះនៅភូមិភាគឥសាន្ត។
ព្រលានយន្តហោះខេត្តស្ទឹងត្រែង ធ្លាប់បានសិក្សាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយអ្នកជំនាញបានរកឃើញថា ខេត្តស្ទឹងត្រែងជាចំណុចកណ្តាលនៃបណ្តាខេត្តស្ថិតនៅភូមិភាគឥសាន្ត និងងាយតភ្ជាប់ជាមួយប្រទេសឡាវ និងប្រទេសថៃ ប៉ុន្តែការសម្រេចចិត្តបែបណា ស្ថិតនៅលើផែនការអាទិភាពរបស់រដ្ឋាភិបាល។
លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលកន្លងមកថា ព្រលានយន្តហោះខេត្តស្ទឹងត្រែង ត្រូវបានដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍន៍ជាមួយគំរោងផ្សេងទៀត ដូចជា ទឹកស្អាត និងឡូជីស្ទិករួចហើយ ប៉ុន្តែការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍នេះ ត្រូវការការសិក្សារយៈពេលវែង ដើម្បីពិនិត្យមើលពីចំណុចអាទិភាព និងផលប្រយោជន៍ដែលទទួលបានការអភិវឌ្ឍនេះ។
លោកបន្តថា “ផែនការសាងសង់ព្រលាននេះនឹងត្រូវឆ្លងកាត់ ការពិនិត្យពិច័យជាច្រើនពីអ្នកជំនាញ នៃដៃគូអភិវឌ្ឍន៍មុនសម្រេចសាងសង់ឬអត់?។ ហេតុនេះវាមិនប្រាកដថាគំរោងនេះ នឹងជាប់ក្នុងផែនការអាទិភាពរបស់រដ្ឋាភិបាលឬទេ?”។ លោកបន្តថា “ព្រលានយន្តហោះនេះ អាចចំណាយថវិកាវិនិយោគចន្លោះពី៥០ ទៅ៦០លានដុល្លារអាមេរិក ព្រោះព្រលាននេះមានដីស្រាប់រួចហើយ”។
គំរោងសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែងនេះ បានដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងដាក់ជូនដៃគូអភិវឌ្ឍន៍គឺធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធនាគារនេះស្វែងរកដៃគូវិនិយោគ។
លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានថ្លែងថា ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ បានសិក្សាពីសក្តានុពល នៃការសាងសង់ព្រលានយន្តហោះក្នុងស្រុក លើគ្រប់បណ្តាខេត្តរួចហើយ ហើយបានរកឃើញថា ខេត្តស្ទឹងត្រែង បាត់ដំបង និងព្រះវិហារជាខេត្តមានសក្តានុពលអាចវិនិយោគព្រលានយន្តហោះបាន។
លោកបន្តថា “បន្ទាប់ពីបានសិក្សាបញ្ចប់ ក្រុមហ៊ុនបាន្តល់អនុសាសន៍ ឲ្យរដ្ឋាភិបាលវិនិយោគព្រលានទាំងបីនេះ ប៉ុន្តែរហូតមកទល់ពេលនេះ អ្វីៗមិនទាន់មានព៌តមានវិវិត្តន៍ទេ”។លោកបន្តថា “ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា គ្រប់គ្រងប្រលានយន្តហោះអន្តរជាតិទាំងបី ប៉ុន្តែបើរដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនវិនិយោ គព្រលានដទៃទៀត យើងនឹងសិក្សាពីបញ្ហានេះ”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ការមានព្រលានយន្តហោះនៅខេត្តស្ទឹងត្រែងជារឿងល្អ ដែលអាចជួយសម្រួល និងកាត់បន្ថយពេលវេលាធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។លោកស្រីបន្តថា ទោះជាផ្លូវគោកមានភាពងាយស្រួលក្តី តែការធ្វើដំណើរត្រូវចំណាយពេលយូរ ហេតុនេះបើមានព្រលានយន្តហោះ លោកស្រីគិតថាព្រលានយន្តហោះនេះនឹងទាក់ទាញការធ្វើដំណើរ។
លោកស្រីបន្តថា “ព្រលានយន្តហោះនេះ ក៏អាចតភ្ជាប់ជាមួយព្រលានក្នុងតំបន់ផងដែរ ហេតុនេះវានឹងជាការតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍ និងជំរុញការអភិវឌ្ឍននៅភូមិភាគឥសាន្តកាន់តែលឿន”៕






