ដោយៈ រ៉ាណេត
កណ្តាលៈ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់នូវហិរញ្ញប្បទាន ឥតសំណងចំនួន៣១លានដុល្លារ ទៅលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ ស្របពេលដែលកំណើន នៃតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងខ្ពស់។
ជំនួយអភិវឌ្ឍន៍ជាផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់កម្ពុជាក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណ៣១០លានដុល្លារ ត្រូវបែងចែកជា២គម្រោង រួមមាន គម្រោងជំនួយហិរញ្ញាប្បទានឥតសំណង និងគម្រោងឥណទានសម្បទាននោះ ទឹកប្រាក់ចំនួន៣១លានដុល្លារ ត្រូវបានកាត់ចូលជាកញ្ចប់ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធទៅនឹងតម្រូវការ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នកជំនាញមកពីអង្គការ ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ធ្វើការសិក្សាលម្អិតស្តីពី វឌ្ឍនភាពគម្រោងសាងសង់រោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីវាយតម្លៃទៅលើស្ថានភាពជាក់ស្ដែង និងលទ្ធភាពក្នុងការអនុវត្តគម្រោងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
គម្រោងដែលនឹងត្រូវអនុវត្តន៍ រួមមាន គម្រោងការងារផ្សេងៗជាច្រើនដូចជា ប្រព័ន្ធផលិតកម្មថ្មី ស្ថិតនៅទីតាំងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ-ស្ថានីយបូមទឹកឆៅពីទន្លេបាសាក់ មានសមត្ថភាពផលិត៣៣.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ -ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកសមត្ថភាព៣០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដោយកាលបរិច្ឆេទអនុវត្តគម្រោងត្រូវបញ្ចប់នៅខែ កញ្ញា ឆ្នាំ២០២៣។
ក្រុមហ៊ុនសាងសង់ នឹងធ្វើការដេញថ្លៃជ្រើសរើស ទៅតាមនីតិវិធីក្រុមហ៊ុនគ្រប់គ្រង និងដំណើរការ គឺក្រុមហ៊ុន SPC(Special Purpose Company) ជាក្រុមហ៊ុនជប៉ុននឹងត្រូវបង្កើតឡើងសម្រាប់គ្រប់គ្រង និងថែទាំព្រព័ន្ធផលិតកម្ម ក្នុងរយៈពេល១០ឆ្នាំ និងលក់ទឹកដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ការពង្រីកប្រព័ន្ធទឹកស្អាតនៅទីក្រុងតាខ្មៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកជាកត្តាសំខាន់បំផុត ពីព្រោះជាទីតាំងជិតរាជធានីភ្នំពេញ និងមានកំណើនប្រជាពលរដ្ឋរស់នៅដ៏ច្រើន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏កំពុងតែទន្ទឹងរង់ប្រើប្រាស់ទឹកស្អាត ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលប្រជាពលរដ្ឋនៅតាមទីប្រជុំជន នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ក្នុងតម្លៃសមរម្យ និងជៀសផុតពីជម្ងឺឆ្លងនានា ដោយសារការប្រើទឹកមិនស្អាត៕






