ដោយ ហ្សូលី
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគរុករករ៉ែមាសរបស់ប្រទេសឥណ្ឌា ដែលមានទីតាំងនៅភូមិយ៉ាទុង ខេត្តរតនគិរី ត្រូវផ្អាកការងារបណ្តោះអាសន្នដោយសារការនាំចូលឧបករណ៍មានបញ្ហា អំឡុងការវាយលុកនៃមេរោគរាតត្បាតកូវីដ ១៩។

ក្រុមហ៊ុនរុករករ៉ែរបស់ឥណ្ឌាដែលមានឈ្មោះថា Mesco gold បានផ្អាកផែនការរបស់ក្រុមហ៊ុនដែលថាត្រូវចាប់ផ្តើមទាញយកលោហៈមានតម្លៃនៅខែមីនានោះគឺត្រូវពន្យាពេលសិន ដែលបច្ចុប្បន្នសម្រេចបានត្រឹមតែ ២០ ភាគរយ ប៉ុណ្ណោះ។
លោក អ៊ុន វិជ្ជា អ្នកតំណាងក្រុមហ៊ុន Mesco Gold បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឧបករណ៍ចម្រាញ់ប្រេងដែលក្រុមហ៊ុនត្រូវការនាំចូលពីប្រទេសចិនភ្លាមៗមិនអាចទទួលបាន ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ ១៩។ នៅពេលដែលស្ថានការណ៍បានធូរស្បើយហើយរដ្ឋាភិបាលផ្តល់ភ្លើងខៀវដល់ទិដ្ឋាការចូលមកប្រទេសកម្ពុជាឡើងវិញ នោះក្រុមហ៊ុនអាចទៅនិងនាំចូលគ្រឿងបរិក្ខារនានា។ ហើយក្រុមហ៊ុនសង្ឃឹមថា នឹងចាប់ផ្តើមដំណើរការរោងចក្រនេះឡើងវិញនៅខែមេសាឬឧសភា។
បើតាមឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុនរុករករ៉ែ Mesco Gold ដដែលបានឱ្យដឹងថា ដំណើរការងារនេះ រោងចក្រអាចចម្រាញ់រ៉ែមាសបានប្រមាណពី ៣៥០ ទៅ ៥០០ តោន ក្នុងមួយថ្ងៃ។ រ៉ែមាសមួយតោនអាចផលិតបានមាសសុទ្ធ ០.០៥ ក្រាម ហើយតម្លៃទីផ្សារសព្វថ្ងៃនៅកម្ពុជាសម្រាប់តម្លៃលោហៈគឺលៃប្រហែលជិត ៥ ម៉ឺនដុល្លារ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថា ឧស្សាហកម្មនេះកំពុងក្លាយជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ដោយហេតុថាវានឹងបង្កើតប្រភពចំណូលថ្មីសម្រាប់ថវិកាជាតិនិងផ្តល់ឱកាសការងារជាច្រើនដល់សហគមន៍មូលដ្ឋាន។
ឯកឧត្តមបន្តថា វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងធ្វើពិពិធកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន Mesco Gold បានទិញសិទ្ធអភិវឌ្ឍនិងរុករករ៉ែពីបញ្ជីក្រុមហ៊ុនកាណាដា Angkor Gold កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃព្រមព្រៀងជាង ១លាន។ ក្រុមហ៊ុននេះទទួលបានអាជ្ញាបណ្ណពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០១៦ ដែលបច្ចុប្បន្នដំណើរការរោងចក្របានត្រឹមតែ ២០ភាគរយតែប៉ុណ្ណោះ៕






