រដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទានជិត ២០៨ លានដុល្លារ ដល់កម្ពុជាដើម្បីធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥

0

ដោយ ប៊ី

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានចុះយល់ព្រមផ្តល់ឥណទានសម្បទាន ២០៧,៥ លានដុល្លារ ដល់កម្ពុជា ដើម្បីធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ខណៈជប៉ុនកំពុងដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ក្នុងនោះឥណទានសម្បទាន ២០៧,៥ លានដុល្លារនឹងត្រូវបានអនុវត្តសម្រាប់គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឥណទានសម្បទាន ២០៧,៥ លានដុល្លារសម្រាប់អនុវត្ត រួមមាន ទី១ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក) និងទី២៖ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងនាវេលាម៉ោង០៩៖០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន។

លោកស្រីជា គឹមថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា មន្រ្តីកម្ពុជាបានទទួលស្គាល់តួនាទីដ៏សកម្មរបស់ប្រទេសជប៉ុន ដែលកំពុងដើរតួនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ខ្លួន នៅក្នុងវិស័យមួយចំនួន។

លោកស្រីបានមានប្រសាសន៍ថា “ភាគីជប៉ុនបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាព ដូចជាផ្នែកភស្តុភារហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការកសាងសមត្ថភាពមនុស្ស”។

យុទ្ធសាស្ត្រនេះ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគិនជប៉ុន។ ជាពិសេសវិស័យកសិកម្ម មានសក្តានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគិនជប៉ុន។

ចាប់តាំងពីឆ្នាំ១៩៩៥ ប្រទេសកម្ពុជាបានស្វាគមន៍ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤១ គម្រោងដែលមានទឹកប្រាក់សរុប២,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

ភាគច្រើននៃគម្រោងទាំងនេះ គឺនៅក្នុងផ្នែកថាមពល ការផ្គុំគ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត កសិកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ចសុខភាព និងផ្នែកលក់រាយ។

គម្រោងចំនួន៦៦នៃគម្រោងទាំងនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ៣៤០លានដុល្លារ។

ភាគច្រើននៃគម្រោងទាំងនេះ គឺនៅក្នុងផ្នែកថាមពលការផ្គុំគ្រឿង បន្លាស់អេឡិចត្រូនិចគ្រឿងបន្លាស់រថយន្ត កសិកម្ម ការកែច្នៃម្ហូបអាហារ បដិសណ្ឋារកិច្ច សុខភាពនិងផ្នែកលក់រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here