ដោយ ហ្សូលី
ភ្នំពេញៈ អ្នកជំនាញខាងផ្នែកវិភាគសេដ្ឋកិច្ចពិភពលោក ឬក្រុមសេដ្ឋវិទូបានប៉ាន់ប្រមើលថា សេដ្ឋកិច្ចនៅតំបន់លោកខាងលិច អាចនឹងមានលទ្ធភាពដើរថយក្រោយសេដ្ឋកិច្ចនៅប្រទេសតំបន់អាស៊ី ខណៈអ្នកវិនិយោគទោរទន់រកកន្លែងវិនិយោគ ដែលមានសុវត្ថិភាព។

ធនាគារវិនិយោគចម្រុះ និងសេវាកម្មហិរញ្ញវត្ថុ របស់អាមេរិកMorgan Stanley ដែលមានទីស្នាក់ការនៅក្រុងញ៉ូវយកបានឱ្យវិភាគថា ការដែលអ្នកវិនិយោគបែរមុខទៅរកប្រទេសចិន និងប្រទេសអាស៊ីដទៃនោះគឺសមហេតុផលណាស់ ព្រោះថាមេរោគចាប់ផ្តើមបម្លាស់ទីពីតំបន់អាស៊ី មករកលោកខាងលិចវិញហើយ។ ម្យ៉ាងសេដ្ឋកិច្ចកំពុងវាយលុកមុខជំនួញនៅអាមេរិកយ៉ាងខ្លាំង ក្នុងនោះមានទាំងអាជីវកម្មតូចៗជាច្រើនផងដែរ។
កត្តាដែលអាចឱ្យសេដ្ឋកិច្ចអាស៊ី មានលទ្ធភាពដើរហួសសេដ្ឋកិច្ច លោកខាងលិចបានមានដូចជា ប្រទេសនៅតំបន់អាស៊ីដូចជា ចិន ហុងកុង សិង្ហបុរី កូរ៉េ ហ្វីលីពីន និងម៉ាឡេស៊ី ធ្លាប់ត្រូវបានរងគ្រោះដោយសារជម្ងឺរាតត្បាតSars ម្តងរួចទៅហើយ។ ដូចនេះបណ្តារប្រទេសទាំងនេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ហើយក៏មានយុទ្ធសាស្រ្តទាញខ្លួន ឱ្យងើបឡើងវិញតាមក្រោយដូចគ្នា។
យុទ្ធសាស្រ្តរបស់ចិន ឆ្លើយតបទៅនឹងជម្ងឺកូវីដ១៩នេះ បានបង្រៀនពិភពលោកនូវមេរៀនមួយថា ទទួលបញ្ហាសិន រួចសឹមដោះស្រាយ និងគ្រប់គ្រងបញ្ហានៅក្នុងដៃឱ្យបាន។
មួយវិញទៀត គឺក្រុមហ៊ុនអាស៊ីភាគច្រើន មានជំហរសាច់ប្រាក់សុទ្ធ មានន័យថា ពួកគេមានសមត្ថភាព ក្នុងការវិនិយោគត្រឡប់មកវិញ នៅក្នុងអាជីវកម្មហើយអាចទទួលបានចំណែកទីផ្សារ នៅពេលដែលបញ្ហាបានបញ្ចប់។ ម្យ៉ាងអាស៊ីមានបរិយាកាសធុរកិច្ចល្អ ការគ្រប់គ្រងថ្លៃដើមមានវិន័យ និងវិធានការមានប្រសិទ្ធភាពក្នុងការចំណាយផ្សេងៗ។

ចំនុចមួយទៀត ដោយសារតែអត្រាការប្រាក់សកល មានកម្រិតទាបរួចទៅហើយ ។ចំណែកឯធនាគារកណ្តាលអាស៊ី មានឱកាសច្រើនក្នុងការប្រើគោលនយោបាយរូបិយវត្ថុដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។
អ្នកវិនិយោគចាប់ផ្តើមប្រមាញ់ និងចាយលុយទៅលើតំបន់អាស៊ីច្រើន ចំពេលមានការផ្ទុះនៃមេរោគកូវីដ១៩ ដែលនេះជាសបញ្ជាក់ថា ប្រទេសស្ថិតនៅតំបន់អាស៊ី បានត្រៀមខ្លួនរួចរាល់ជាមុន នៅក្នុងការបញ្ចៀសវិបត្តិសេដ្ឋកិច្ចមួយចំនួន បានល្អប្រសើរជាងបើធៀបជាមួយស្ថានភាពប្រទេសនៅលោកខាងលិច។
ប្រទេសនៅលោកខាងលិចដូចជា អាមេរិក និង អឺរ៉ុប កំពុងច្របូកច្របល់ជាមួយមេរោករាតត្បាតទូទាំងក្រុង និងរដ្ឋត្រូវបានបិទជាបណ្តោះអាសន្ន។
ជាក់ស្តែងដូចជា ប្រទេសអ៊ីតាលី និងអេស្ប៉ាញ មានករណីឆ្លង និងស្លាប់រាប់ពាន់នាក់ ចំណែកអាមេរិកវិញមានអ្នកឆ្លងរាប់ម៉ឺននាក់៕
(CNBC)






