ដោយៈ រ៉ាណេត
ភ្នំពេញៈ កម្ពុជាត្រូវការថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដើម្បីសម្រេចរាល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

យោងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលបានប្រកាសផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជាផ្លូវបានឱ្យដឹងថា ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំនេះ រដ្ឋាភិបាលត្រូវការប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅស្រុក ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជនប្រមាណជា៥៩.៩ពាន់លានដុល្លារអាមេរិក។
ក្នុងទំហំថវិកានោះ ទាមទារវិនិយោគមូលធនរបស់វិស័យឯកជន មានចំនួនប្រមាណ៤៣.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង៧២.៥% នៃទុនវិនិយោគសរុប និងវិនិយោគមូលធន នៃវិស័យសាធារណៈប្រមាណ១៦.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង២៧.៥% នៃទុនវិនិយោគសរុប។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីពិធីប្រកាសផ្សព្វផ្សាយ ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩–២០២៣ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កាលពេលកន្លងមកថា កម្ពុជានៅមានការងារអាទិភាពសេសសល់ នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤–២០១៨ ចំនួន៧ រួមមានទី១ ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើនប្រកបដោយបរិយាប័ន្ន ទី២ ការពង្រីកវិស័យកសិកម្ម ទី៣ការធានានូវភាពប្រកួតប្រជែងកាន់តែខ្លាំង។
ទី៤ ការគ្រប់គ្រងការធ្វើចំណាកស្រុកនិងនគរូបនីយកម្ម ទី៥ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុនិងការកាប់ព្រៃឈើ ទី៦ ការធានានូវអភិបាលកិច្ចល្អប្រសើរ និង៧ កែលម្អមូលដ្ឋានធនធានមនុស្ស។ ទោះបីជាយើងជួបនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្តការងារអាទិភាពទាំងនេះ តែយើងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តការងារគន្លឹះទាំងឡាយនៅក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗគួរជាទីមោទនៈក្នុងពេកកន្លងមក។

សម្តេចបន្តថា “កម្ពុជាបានលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការបង្កើតនូវបរិយាកាសអំណោយផលមួយ សម្រាប់ធានាឱ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើឱ្យសេដ្ឋកិច្ចមានកំណើនថេរ ក្នុងរង្វង់៧%និងការសម្រេចបាននូវវឌ្ឍនភាព ក្នុងដំណើរការអភិវឌ្ឍន៍សង្គម–សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ស្របតាមឆន្ទៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ចំពោះមុខនេះ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រនិងជំរុញល្បឿននៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈគោលនយោបាយសង្គម–សេដ្ឋកិច្ច សម្រាប់កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្រសួងផែនការបានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤–២០១៨ ដែលត្រូវបានចប់អាណត្តិនាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩–២០២៣ មានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕






