រដ្ឋាភិបាលនឹងទទួលចំណូលពន្ធ ៧៤៦លានដុល្លារ ពីគម្រោងបង្កើតរោងចក្រអគ្គិសនីរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប

ចែករំលែក

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធ ពីការបង់ពន្ធដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សរុបជាង៧៤៦លានដុល្លារ ទៅលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដុតធ្យូងថ្ម ដែលផ្តល់អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ជាមួយនឹងគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គសនី ក្រោមការវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលរដ្ឋសភាបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ មិនានេះបានឲ្យដឹងថា រដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបចំនួន ៧៤៦,២៦៨,២៥០ដុល្លារក្នុងរយៈពេល៣៨ឆ្នាំ ស្មើនឹងជិត២០លានដុល្លារក្នុងមួយឆ្នាំ ទៅលើពន្ធនៃប្រាក់ចំណូលមុន បែងចែកភាគលាភ និងពន្ធកាត់ទុកលើការប្រាក់។

ដោយឡែកក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានដាក់ឱ្យអនុវត្តលើថ្លៃលក់ថាមពលអគ្គិសនី រដ្ឋនឹងទទួលបានចំណូលពីអាករនេះ សរុបចំនួន១,២លានដុល្លារ ក្នុងរយៈពេលអាជីវកម្ម៣៥ឆ្នាំ។ ចំណូលពន្ធនេះ មិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលនានា និងចំណូលពន្ធមួយចំនួនទៀត។

សេចក្តីព្រាងច្បាប់ដដែលបានឲ្យដឹងទៀតថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដែលមានទ្រង់ទ្រាយធំមួយនេះ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិនគ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង។

សម្រាប់ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់ ដូចជា ការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់  សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគរ របស់អគ្គិសនីកម្ពុជា សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្មមាន២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម  ត្រូវមានផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ និងមានអនុស្ថានី​យ៍​អគ្គិសនីរបស់រោងចក្រ  និងបន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពល ទៅឱ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត។

សេចក្តីព្រាងច្បាប់ខាងលើបានឲ្យដឹងថា រោងចក្រនេះមាន អនុភាពដំឡើង៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោង៨០ភាគរយក្នុង១ឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។

សម្រាប់គម្រោងផលិតរោងចក្រអគ្គិសនីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើ​កទឹកចិត្តមួយចំនួនដូចជា លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខាឧបក​រណ៍ និងសម្ភារៈនានា នៃគម្រោងក្នុងរយៈពេលសាងសង់, អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេសជាបន្ទុករបស់រដ្ឋ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេលល៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្មដំបូង លើកលែងថ្លៃសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ លើការប្រើប្រាស់ទឹក និងធនធានសំណង់ (ថ្ម គ្រួស ខ្សាច់ សាច់ដី) សម្រាប់ការសាងសង់គម្រោង៕


ចែករំលែក