ដោយ ហ្សូលី
ភ្នំពេញៈ ពហុកីឡាដ្ឋានមរតកតេជោ នៅតែបន្តដមណើរការសាងសង់ជាធម្មតា បើទោះបីជាកម្ពុជាកំពុងប្រឈម នឹងការរីករាលដាលនៃវីរុសកូរ៉ូណាឬកូវីដ១៩ក្តី។

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្នកីឡាដ្ឋានមរតកតេជោនេះ កំពុងតែដំណើរការសាងសង់ និងពន្លឿនឱ្យកាន់តែលឿន ជាពិសេសមានការតម្លើងគ្រឿងដង្គុំសំខាន់ៗដែលជិតរួចរាល់នៅពេលខាងមុខផងដែរ។
លោកបន្តថា “ពេលវេលាដែលកីឡដ្ឋានមរតកតេជោ អាចបញ្ចប់ការសងសង់ជាស្ថាពរនោះគឺនៅដំណាច់ឆ្នាំ២០២០ ព្រោះបើតាមការពិនិត្យនិងប៉ាន់ស្មាន ការសាងសង់នៅសល់ប្រមាណ២០ ទៅ៣០ភាគរយទៀត”។

លើសពីនេះ លោកបានមានប្រសាសន៍ថា ចំពោះស្ថានភាពបច្ចុប្បន្នពិតជាមិនមានអ្វីគួរឱ្យបារម្ភឡើយ ទោះមានវីរុសកូរ៉ូណាឬកូវីដ១៩ក៏ពិតមែន តែមិនបានប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ។ ជាក់ស្តែងក្រុមហ៊ុនបានចាត់វិធានការមួយចំនួន បង្ការ និងទប់ស្កាត់វីរុស ទាំងកម្មករជនជាតិចិន និងកម្ពុជា ដែលមិនអនុញ្ញាតឱ្យចាកចេញពីបរិវេណការដ្ឋានឡើយ។ ចំណែកឯបញ្ហាហិរញ្ញវត្ថុឯណោះវិញ គឺគ្មានអ្វីជាបញ្ហាចោទឡើយព្រោះថា គម្រោងមួយនេះមានដើមទុនស្រាប់ក្នុងការចំណាយ។
ពហុកីឡដ្ឋានមរតកតេជោ គឺជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិន ដែលគ្រោងចំណាយទុនប្រមាណ១៦០លានដុល្លារ ដែលអាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ សាងសង់នៅលើផ្ទៃដីជាង១៦ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕






