បណ្តាប្រទេសG-20ត្រៀមចាក់បញ្ចូលទឹកប្រាក់ចំនួន៥ទ្រីលានដុល្លារដើម្បីស្តារសេដ្ឋកិច្ចពិភពលោក ដោយសារCOVID-19

0

ដោយ ប៊ី

អន្តរជាតិៈ ប្រធានាធិបតី Donald Trump និងមេដឹកនាំពិភពលោកដទៃទៀត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 នេះដោយចាក់បញ្ចូលទឹកប្រាក់ជាង៥ទ្រីលានដុល្លារ ទៅក្នុងសេដ្ឋកិច្ចពិភពលោក ចែករំលែកទិន្នន័យសុខភាពកាន់តែច្រើន និងដោះស្រាយការរំខានពាណិជ្ជកម្មដែលមានសក្តានុពល។

សេចក្តីថ្លែងការណ៍មួយចេញ ពីមេដឹកនាំក្រុមប្រទេសទាំង២០ បានឱ្យដឹងថា “ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ ទាមទារឱ្យមានការឆ្លើយតបជាសកល និងមានតម្លាភាព រឹងមាំ សម្របសម្រួល ខ្នាតធំ និងវិទ្យាសាស្ត្រក្នុងស្មារតីសាមគ្គីភាព”។

ប្រធានាធិបតី Donald Trump បានហៅវាថា វាជាការប្រជុំដ៏គួរឱ្យអស្ចារ្យមួយ ហើយបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា លោកនឹងចែករំលែកព័ត៌មាននិងទិន្នន័យ ជាមួយដៃគូប្រទេស G-20 ដើម្បីកម្ចាត់ជំងឺនេះ។

សេចក្តីថ្លែងការណ៍G-20 មិនបានបញ្ជាក់ច្បាស់ថា តើទឹកប្រាក់ចំនួន៥ទី្រលានដុល្លារនេះបានមកពីណាទេ ប៉ុន្តែបានបង្ហាញថាសំដៅទៅលើផែនការ ជំរុញសេដ្ឋកិច្ចពីរ ដ្ឋាភិបាលផ្សេងៗ។ នោះរួមបញ្ចូលទាំងសំណើចំនួន២ទ្រីលានដុល្លារ ដែលកំពុងរង់ចាំនៅក្នុងសភាសហរដ្ឋអាមេរិក ហើយលោកTrump បានសន្យាថានឹងចុះហត្ថលេខា។

អង្គការសហប្រជាជាតិ និងមេដឹកនាំដទៃទៀតបានស្នើឱ្យប្រទេសG-20 ធ្វើអ្វីៗបន្ថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចពិភពលោក រួមទាំងការព្យួរពន្ធ និងទណ្ឌកម្មពាណិជ្ជកម្មផ្សេងទៀតដែលគាំទ្រដោយមេដឹកនាំ ដូចជាលោក Trump ។

នៅពេលត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធអំពីការរំពឹងទុកនៃការដកពន្ធនោះ លោកTrump មិនបានឆ្លើយតបទេ។ គាត់បាននិយាយជំនួសវិញអំពី “ព្រំដែនរឹងមាំ” និងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

ក្នុងអំឡុងពេលកិច្ចប្រជុំតាមវីដេអូរបស់ប្រទេស G-20 អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Ghebreyesus បានថ្លែងទៅកាន់ក្រុមនេះ អំពីតម្រូវការក្នុងការផ្តល់ហិរញ្ញប្បទាន និងផលិតឧបករណ៍ការពារផ្ទាល់ខ្លួនបន្ថែមទៀត ដូចជាម៉ាស និងស្រោមដៃសម្រាប់បុគ្គលិកពេទ្យនៅជុំវិញពិភពលោក។

ប្រធានG-20 បច្ចុប្បន្ន លោកKing Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បាននិយាយថា លោកបានហៅការប្រជុំនេះ ដើម្បីធ្វើការលើការឆ្លើយតបជាសកល ចំពោះជំងឺរាតត្បាតនេះ។

លោកបាននិយាយនៅមុនកិច្ចប្រជុំថា “នៅពេលដែលពិភពលោកប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងបញ្ហាប្រឈមចំពោះប្រព័ន្ធថែទាំសុខភាព និងសេដ្ឋកិច្ចពិភពលោក យើងបានកោះប្រជុំកំពូល G20 ដ៏អស្ចារ្យនេះ ដើម្បីបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការឆ្លើយតបជាសកល”។ លោកបន្ថែមថា “សូមអោយព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោកអោយរួចផុតពីគ្រោះកាចគ្រប់យ៉ាង”។

សន្និសីទនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមសេដ្ឋកិច្ចអន្តរជាតិមួយផ្សេងទៀ ក្រុមប្រទេសឧស្សាហកម្មទាំង៧ ឬG-7បានបរាជ័យ ក្នុងការឯកភាពលើសេចក្តីថ្លែងការ​ណ៍​រួមមួយស្តីអំពីវីរុសឆ្លងនេះ។

ប្រទេសG-20 បង្កើតឡើងដោយ១៩ ប្រទេស និងសហគមន៍អ៊ឺរ៉ុប។ ប្រទេសចំនួន ១៩ រួមមានអាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន អាល្លឺម៉ង់ បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក សហព័ន្ធ រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង តួកគី អង់គ្លេស និងអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here