ដោយវុត្ថា
ភ្នំពេញៈ ឆ្លើយតបទៅនឹង លិខិតរបស់លោក ថេដ យ៉ូហូ សមាជិកព្រឹទ្ធសភាអាមេរិក ដែលផ្ញើមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ ដែលកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងក្រុងព្រះសីហនុ។
នៅក្នុងលិខិតផ្ញើត្រឡប់ទៅកាន់ លោក ថេដ យ៉ូហូ សមាជិកសភាអាមេរិក នៅថ្ងៃទី ២៧ខែមីនា ឆ្នាំ ២០២០នេះ សម្តេចតេជោបានបញ្ជាក់ថា ប្រទេសកម្ពុជាប្រទេសតូចប៉ុន្តែមានចិត្តទូលាយ ឱ្យតម្លៃខ្ពស់ទៅលើប្រព័ន្ធពហុនិយម រួមទាំងការសាមគ្គីភាពអន្តរជាតិ ដោយគ្មានការរើសអើង ជាពិសេសនៅពេលដែលប្រឈម នឹងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។
ផ្អែកលើគោលជំហរនេះ សម្តេចបានធ្វើការសម្រេចដោយមិនស្ទាក់ស្ទើរ ក្នុងការជួយសង្រ្គោះជីវិតអ្នកដំណើរ និងនាវិកនៅលើនាវា Westerdam នៅពេលដែលនាវានោះត្រូវបានគេបដិសេធមិនឱ្យចូលចតដោយប្រទេស និងដែនដីមួយចំនួន រួមទាំងកោះហ្គាម ដែលជាដីកោះនៃដែនដី សហរដ្ឋអាមេរិកផងនោះ ព្រោះតែការភ័យខ្លាចការឆ្លងជំងឺកូវីដ ១៩។
សម្តេចថ្លែងថា “និយាយដល់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិកក ខ្ញុំយល់ថា មានការងារមួយចំនួន ដែលយើងអាចឯកភាពគ្នាហើយក៏មានមួយចំនួនទៀតដែលមិនឯកភាព ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ”។ សម្តេចបន្ថែមថា“ក្នុងន័យនេះ ខ្ញុំត្រៀមជាស្រេច ដើម្បីធ្វើការផ្លាស់ប្តូរទំព័រថ្មីនៃទំនាក់ទំនងររបស់ប្រទេសយើងទាំងពីរ ដូចដែលខ្ញុំបានគូសញ្ជាក់យ៉ាងច្បាស់ នៅក្នុងលិខិតឆ្លើយឆ្លងរបស់ខ្ញុំ ជូនឯកឧត្តមប្រធានាធិបតីដូណាត្រាំ កាលពីពេលថ្មីៗកន្លងទៅ ដើម្បីបុព្វហេតសន្តិភាព និងវិបុលភាព នៃប្រទេសយើងទាំងពីរ”៕







