ដោយ វុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យថា គម្រោងវិនិយោគនានានៅក្នុងខេត្តព្រះសីហនុ ហាក់មានសញ្ញាថមថយខ្លះ ក្នុងអំឡុងពេលដែលមានការផ្ទុះនៅជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមទូរសព្ទនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២០ នេះថា នៅក្នុងមួយរយៈចុងក្រោយនេះ មានការថមថយខ្លះលើការវិនិយោគលើវិស័យអចលនទ្រព្យ សណ្ឋាគារនិងទេសចរណ៍ជាដើម តែមិនមាននៅក្នុងខេត្តព្រះសីហនុនោះទេ ស្ទើតែគ្រប់ទីន្លែងទាំងអស់។
លោកបន្តថា “បញ្ហាជំងឺកូវីដ១៩នេះជារឿងដែលសំខាន់ សម្រាប់ធ្វើឱ្យសកលលោកមានការថមថយដូចគ្នា តែអ្វីជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំង លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាត។
លោកបន្ថែមទៀថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បាន និងដាក់ចេញនូវវិធានការផ្សេងៗដើម្បីទប់ស្កាត់នូវជំងឺនេះ កុំឱ្យមានការរីករាលដាល ទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រហសីហនុទាំងមូល។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងថមថយក្នុងរយៈពេលខ្លីជាពិសេសក្នុងអំឡុងខែមីនា ឆ្នាំ ២០២០នេះ តែមិនធ្វើឱ្យវិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភសេដ្ឋកិ្ចថមថយខ្លាំងនោះទេ។
លោកបន្តថា “វិស័យអាទិភាពមួយនេះ នៅតែពង្រឹងអាទិភាពរបស់ខ្លួន និងនៅតែដើរតួជាសរសរស្តម្ភ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងរមាំ។លោកថា “នៅដើមឆ្នាំ២០២០ នេះ មានគម្រោងស្នើសុំវិនិយោគច្រើន តែយើងមិនទាន់ដឹងថាគម្រោងធ្វើឬក៏មិនធ្វើនោះទេ តែសម្រប់គម្រោងចាស់ៗនៅតែដំណើរការដដែលបើទោះបីមានការផ្ទុះនូវជំងឺកូវីដ១៩ ក៏ដោយ។
ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត។ ល។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុជាប៉ូលអភិវ ឌ្ឍជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕






