ដោយវុត្ថា
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំថ្មីមួយ ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យរៀបចំឥណទាន (កម្ចី) របស់ខ្លួនឡើងវិញសម្រាប់វិស័យអាទិភាពចំនួន ៤ មានទាំងវិស័យសំណង់ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមរយៈសារាចរណែនាំស្តីពី «ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ១៩» ចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានណែនាំដល់គ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ ឱ្យយកចិត្តទុកដាក់ទៅលើអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងមកពីវិស័យចំនួន៤រួមមាន៖
១៖ ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជ្ជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
២៖ កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
៣៖ សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង)
៤៖ ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទូីក។
ក្នុងសារាចរនេះ ក៏បានណែនាំផងដែរថា ការរៀបចំឥណទានឡើងវិញនេះ គ្រឹះស្ថានត្រូវកំណត់ឱ្យច្បាស់ថា អតិថិជនកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ មុនពេលផ្តល់ការអនុគ្រោះ។
សារាចរបានណែនាំថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជនដែលការទូទាត់សងការប្រាក់ ឬ/និងប្រាក់ដើម មិនហួសកាលកំណត់សងលើសពី៣០ថ្ងៃ (ប្រភេទឥណទានដំណើរការ) និងរំពឹងថា អតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។
ឥណទានដែលទទួលបានលក្ខខណ្ឌអនុគ្រោះណាមួយដូចខាងក្រោម ត្រូវចាត់ទុកថាជា «ឥណទានរៀបចំឡើងវិញ»៖
១៖ ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន
២៖ ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣៖ ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់
៤៖ ការពន្យារឥណទានប្រតិទាន
៥៖ ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន
៦៖ ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន
៧៖ ការលើកលែង ឬបន្ថយទ្រព្យធានា
៨៖ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង
៩៖ ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង ដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី៕









