ដោយវុត្ថា
ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីអំពាវនាវឱ្យរក្សាថ្លៃទំនិញ នៅលើទីផ្សារ បន្ទាប់ក្រសួងសង្កេតម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ិនធើណេត(Online) មួយចំនួនបានឆ្លៀងឪកាសលក់ដំឡើងតម្លៃ ទំនិញហួសហេតុ ក្នុងអំឡុងនៃការផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីអំពាវនាវដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រសួងពាណិជ្ជកម្មសង្កេតម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ិនធើណិត (Online) មួយចំនួនបានឆ្លៀងឪកាសលក់ដំឡើងតម្លៃទំនិញដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគបរិភោគ ចាំបាច់សម្រាប់ប្រើបា្រស់ប្រចាំថ្ងៃលើទីផ្សារ នៅទូទាំងប្រទេសដែលសកម្មភាពនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវ៣ ចំណុចដូចេះជា ទី១ សូមសាធារណៈជនមេត្តា រក្សនូវភាពហ្នឹងនរកុំជ្រួលច្របល់ហួសហេតុ នាំឱ្យជនឆ្លៀងឪកាសយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល ទី២ សូមម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត (Online) ទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀងឪកាសដំឡើងថ្លៃទំនិញ កេញចំណេញហួសហេតុ។
ទី៣សូមម្ចាស់ហាងលក់ទំនិញ និងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃជាប្រាក់រៀលលើមុខទំនិញដែលចរាចរណ៍នៅលើទីផ្សារ សំដៅធនាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយដល់ចរាចររូបិយវត្ថុ ក្នុងស្រុកក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជនទូទៅ។ ចំពោះមុខទំនិញជាម៉ាស់ការពារមុខ អាល់កុលលាងដៃ និងឧបករណ៍ស្ទង់កំដៅ អ្នកលក់ត្រូវលើកស្លាកថ្លៃជាប្រាក់រៀលដែលមានទំហំធំអាចឱ្យសាធារណជនមើលឃើញច្បាស់ពីចំងាយ។

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ច ពាក់ព័ន្ធចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញព្រមទាំង អនុវត្តវិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀងឪកាសលក់ទំនិញឡើងថ្លៃ កេញចំណេញហួសហេតុ។
សម្តេតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីនេះ បានព្រមានខ្លាំងៗក្នុងការបិទអាជីវកម្មទាំងស្រុង ចំពោះហាងលក់ទំនិញ ឳសថស្ថានស៊ី កន្លែងលក់ដូរផ្សេងទៀតដែលបានលក់ ទៅអោយពលរដ្ឋខ្មែរក្នុងតម្លៃថ្លៃហួសហេតុ ក្នុងពេលដែលរាជរដ្ឋាភិបាលបាននឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩នាពេលនេះ៕






