ដោយ ប៊ី
អន្តរជាតិៈ ក្រុមហ៊ុនយក្សសហរដ្ឋអាមេរិក (Google) បរិច្ចាគប្រាក់ជាង៨០០ លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្ម អង្គការ និងបុគ្គលិកថែទាំសុខភាព ដែលជាផ្នែកមួយនៃការឆ្លើយតបនឹងជំងឺឆ្លង COVID-19 ដែលភាគច្រើនជាទម្រង់នៃការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃ។

ក្រុមហ៊ុនបច្ចេកវិទ្យានេះបានឱ្យដឹងថា ខ្លួននឹងផ្តល់ឱ្យអង្គការសុខភាពពិភពលោក និងទីភ្នាក់ងាររដ្ឋាភិបាលសរុបចំនួន២៥០លានដុល្លារ ក្នុងការផ្តល់ការផ្សាយពាណិជ្ជកម្ម ដែលកើនឡើងពី២៥លានដុល្លារ ដែលខ្លួនបានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីចែករំលែកព័ត៌មាន អំពីវិធីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ នេះបើតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុនលោក Sundar Pichai នៅក្នុងការបង្ហោះប្លក់កាលពីថ្ងៃសុក្រ។
លោកPichaiបាននិយាយថា ទឹកប្រាក់ចំនួន៣៤០លានដុល្លារ បន្ថែមទៀតសម្រាប់ឥណទាន ផ្សាយពាណិជ្ជកម្មរបស់Google នឹងត្រូវបានផ្តល់ជូនសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលគណនីរបស់ពួកគេ បានដំណើរការកាលពីឆ្នាំមុន ដោយទទួលបានទឹកប្រាក់២០លានដុល្លារបន្ថែម សម្រាប់ការប្រកាសអំពីមូលនិធិសង្គ្រោះ និងការគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច។
Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួន ដែលដាក់ធនធានហិរញ្ញវត្ថុ និងបច្ចេកទេសដ៏ធំរបស់ពួកគេ ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតសកលនៃជំងឺCOVID-19។
ក្រុមហ៊ុន Apple (AAPL) កាលពីថ្ងៃសុក្រ បានចេញផ្សាយគេហទំព័រ និងកម្មវិធី iOS ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលខ្លួនឯង ចំពោះរោគសញ្ញានៃជំងឺ COVID-19 បន្ទាប់ពីប៉ុន្មានថ្ងៃ បន្ទាប់ពីបានប្រកាសថាខ្លួន នឹងបរិច្ចាគម៉ាសការពារដង្ហើមជាង១០ លាននៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។

ក្រុមហ៊ុន ហ្វេសប៊ុក (អេហ្វអេ) ដូចជា Google ដែរ បានផ្តល់ការផ្សាយពាណិជ្ជកម្មឥតគិតថ្លៃដល់អង្គការសុខភាពពិភពលោក និងស្ថាប័នដទៃទៀតដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវអំពីវីរុសនេះ ប៉ុន្តែអង្គការសុខភាពពិភពលោក មិនទាន់បានដាក់ការផ្សាយពាណិជ្ជកម្មណាមួយនៅលើហ្វេសប៊ុកជាផ្លូវការនៅឡើយទេ។
អង្គការនេះកំពុងធ្វើការជាមួយហ្វេសប៊ុក ក្នុងសមត្ថភាពផ្សេងៗទៀតរួមមានមជ្ឈមណ្ឌលព័ត៌មាន COVID-19 របស់ក្រុមហ៊ុន និងគណនីជូនដំណឹងអំពីសុខភាពនៅលើ WhatsApp ដែលបានបើកដំណើរការកាលពីសប្តាហ៍មុន៕ CNN៕






