ពហុកីឡដ្ឋានជាតិមរតកតេជោតម្លៃ ១៦០លានដុល្លារ សាងសង់សម្រេចបានប្រមាណ៨០ភាគរយ

0

ដោយ រ៉ាណេត

ភ្នំពេញ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃ១៦០លានដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណង់ពីរដ្ឋាភិបាលចិន នៅលើផ្ទៃដីទំហំជាង១៦ហិកតា ត្រូវបានមន្ត្រីជំនាញអះអាងថា ការសាងសង់មានភាពរលូនស្របតាមផែនការ ដែលរហូតពេលនេះជាលទ្ធផលសម្រេចបានប្រមាណ៨០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានអះអាងថា កាលពីពេលថ្មីៗនេះថា គម្រោងសាងសង់កីឡដ្ឋានដ៏ធំ ដែលមានឈ្មោះថា កីឡដ្ឋានមរតកតេជោ កំពុងពន្លឿនសកម្មភាពការងារបន្ថែម ឯការដំឡើងគ្រឿងផ្គុំសំខាន់ៗក៏ជិតរួចរាល់ហើយដែរ។

លោកបានបញ្ជាក់ថា វិស្វករជំនាញបានបញ្ជាក់ប្រាប់លោកថា ការងារសាងសង់ នៅប្រមាណតែ២០ភាគរយ ទៀតប៉ុណ្ណោះ ពោលគឺនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ លោកបន្តទៀតថា ទោះស្ថានភាពបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុង ប្រឈមនឹងបញ្ហានៃការរីករាលដាលមេរោគកូវីដ១៩ ក្តី ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ ព្រោះក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសមានវិធានការល្អ ដើម្បីបង្ការទប់ស្កាត់វីរុសកូរ៉ូណានេះហើយ  

ពហុកីឡដ្ឋានជាតិមរតកតេជោ  ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ១៦ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ ត្រូវបានរំពឹងថា អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់។ បច្ចុប្បន្ននេះ នៅក្នុងការដ្ឋានមានកម្លាំងកម្មករជំនាញជាជនជាតិចិនប្រមាណ៥៨០នាក់ និងកម្មករជាជនជាតិខ្មែរ២៤០នាក់ កំពុងពន្លឿនសម្មភាពយ៉ាងមមាញឹក។

សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រពន័្ធQR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ពោលគឺដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។ ក្នុងនោះដែរ កៅអីបេតុងចំនួន៤៦២៤ដុំ កាំជណ្តើរចំនួន២៣៩២កាំ បង្កាន់ដៃចំនួន១៩២ សរុបចំនួន ៧.២០៨ដុំ

LEAVE A REPLY

Please enter your comment!
Please enter your name here