ADB ព្យាករណ៍ថាកម្ពុជាអាចប្រឈមការបាត់បង់សេដ្ឋកិច្ចជិត ៤០០លានដុល្លារ

0
ADB ព្យាករណ៍ថាកម្ពុជាអាចប្រឈមការបាត់បង់សេដ្ឋកិច្ចជិត ៤០០លានដុល្លារ

ដោយ ហ្សូ​លី

ភ្នំពេញ៖ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ព្យាករណ៍​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការខាតបង់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​គិត​ជា​ទឹកប្រាក់​ដល់​ទៅជិត ៤០០លាន​ដុល្លារ ដោយសារតែ​ផលប៉ះពាល់​នៃ​កូ​វីដ១៩ នៅ​ដើមឆ្នាំ២០២០នេះ។

កម្ពុជា​បាន​រង​ឥទ្ធិពល​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​មេរោគ​រាតត្បាត ដែល​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ព្យាករណ៍​កាលពី​សប្តាហ៍​មុននេះ​ថា កម្ពុជា​អាច​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តារ​ប្រទេស​នៅ​តំបន់​អាស៊ាន ដែល​រងគ្រោះ​ការខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ជា៣៩០លាន​ដុល្លារ។

រដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​ដែលថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២០ មក​នៅត្រឹម​កម្រិត៦.១%ប៉ុណ្ណោះ ដែល​កាលពីមុន​បាន​ព្យាករណ៍​ថា ៦.៥%។ បញ្ហា​នេះ​គឺ​បណ្តាលមកពី​កត្តា​អាកាសធាតុ ភូមិសាស្ត្រ​នយោបាយ​និង​ជំងឺ​រាតត្បាត។

លោក​ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​ថ្លែងឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះ​ព្រោះតែ​ជំងឺ​កូ​វីដ១៩ ហើយ​ស្ថានភាព​អាច​ប្រែប្រួល​ដែល​អាច​ខាតបង់​ច្រើនជាង​អ្វីដែល ADB ព្យាករណ៍​ទៅទៀត។

លោកនាយក​រូបនេះ​បាន​ប្រមើល​ថា ទំហំ​នៃ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩នេះ អាចធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រហែល១ពាន់​លាន​ដុល្លារ។

ធនាគារ​អភិវឌ្ឍ​អាស៊ី ADB មិនមែន​ព្យាករណ៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា តែមួយ​មុខ​នោះទេ តែ​ក៏បាន​ព្យាករណ៍​បណ្តារ​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ាន អំពី​ទំហំ​ទឹកប្រាក់​ដែល​ខាតបង់។ ទិន្នផល​សរុប​ប្រទេស​ថៃ អាច​បាត់បង់​ជាង៥ពាន់​លាន​ដុល្លារ ឬ​ទិន្នផល​សរុប​ធ្លាក់ចុះ​សល់​ត្រឹម១.១១%។ រីឯ​សិង្ហ​បុរី​វិញ​រង​ផលប៉ះពាល់ ជាង១ពាន់​លាន​ដុល្លារ និង​វៀតណាម​វិញ​ក៏​ជាង១ពាន់​លាន​ដុល្លារ​ផងដែរ។

ទោះបីជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជា​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស បាន​រៀបចំខ្លួន​រួចជាស្រេច​អំពី​ការខាតបង់​សេដ្ឋកិច្ច ដោយ​សម្តេច​បាន​ចាត់វិធានការ​ឱ្យ​រដ្ឋាភិបាល ត្រៀម​ទឹកប្រាក់​ប្រមាណ​ពី៨០០លាន​ដុល្លារ ដល់២ពាន់​លាន​ដុល្លារ សម្រាប់​ទប់ទល់​នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច ដែល​ក្នុងនោះ​ថវិកា៣០លាន​ដុល្លារ​ត្រូវ​ឧបត្ថម្ភ​ដល់​វិស័យ​សុខាភិបាល ដើម្បី​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ៕

(VNA)

LEAVE A REPLY

Please enter your comment!
Please enter your name here