សម្តេចតេជោគ្រោងរៀបចំធ្វើច្បាប់ថ្មីមួយទៀតសម្រាប់ត្រៀមបម្រុងដាក់ប្រទេសក្នុងគ្រាអាសន្ន

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីបំណងក្នុងការធ្វើច្បាប់ថ្មីមួយទៀត សម្រាប់ត្រៀមបំរ៉ុង ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្នសម្រាប់ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដែលកំពុងមានរាតត្បាតជាសកល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់។

តែយ៉ាងណាក៏ដោយ សម្តេចតេជោថា ការធ្វើច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើង មិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នឹងកំពុងពិចារណា និងសិក្សា មាត្រា ២២នៃច្បាប់រដ្ឋធម្មនុញ ក្នុងការទូលថ្វាយស្នើសុំព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈកំណើនជំងឺកូវីដ១៩ កំពុងមានការកើនឡើង។

សម្ដេចតេជោ ថា នៅពេលប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្នហើយ សិទ្ធិស៊ីវិលត្រូវកាត់ផ្តាច់ហើយ។ ម្យ៉ាងទៀត នេះជាវិធានការតឹងរឹង ដើម្បីការពារ កុំឲ្យប្រជាជនកម្ពុជា ឆ្លងជំងឺកូវីដ។

សម្តេចតេជោថ្លែងថា “ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព”។

សម្តេចតេជោបន្ថែមថា “មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here