មន្ទីរពេទ្យអន្តរជាតិតម្លៃរាប់លានដុល្លារចាប់ផ្តើមបង្ហាញវត្តមាននៅទីក្រុងភ្នំពេញ

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ មន្ទីរពេទ្យអន្តរជាតិថ្មីមួយ ដែលមានតម្លៃវិនិយោគជាច្រើនលានដុល្លារអាមេរិក បានចាប់ផ្តើមបង្ហាញខ្លួននៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជា។

លោកបណ្ឌិតថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឹប្រេស្ទីហ្ស៍ បានឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ ថា មន្ទីរពេទ្យអន្តរជាតិថ្មីនេះ នឹងផ្តល់សេវាកម្មនិងស្តង់ដារលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាពរបស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុតជាមួ​យនឹងឧបករណ៍ទំនើបចុងក្រោយ។

លោកបានបន្ថែមថា “ចក្ខុវិស័យ និងបេសកកម្មរបស់យើងខ្ញុំ គឺផ្តល់ការព្យាបាលដែលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងបច្ចេកវិទ្យាសុខាភិបាលចុងក្រោយ តាមវិធីសាស្រ្តវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់”។

លោកបណ្ឌិតបន្ថែមថា ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មថែទាំ និងព្យាបាលនៅប្រទេសកម្ពុជា មន្ទីរពេទ្យអន្តរជាតិថ្មីនេះ នឹងរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាព ឱ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត”។

លោកបញ្ជាក់ទៀថា មន្ទីរពទ្យអន្តរជាតិថ្មីនេះ បានបោះទុននៅក្នុងដំណាក់កាលដំបូងជាច្រើនលានដុល្លារ ដែលបានចំណាយពេលសាងសង់អស់រយៈពេលជាង ១ ឆ្នាំ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យសេវាសុខភាពកម្ពុជាកា​ន់តែមានគុណភាពខ្ពស់៕


ចែករំលែក