អ្នកនាំពាក្យ៖ ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុសម្រេចបាន៥៥% ហើយ

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះសម្រេចបាន៥៥% ហើយ។

លោក ឃាង ភារម្យ អ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០នេះថា បើគិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ គឺមានរយៈពេលជាង ៤ ខែហើយ ដោយក្រុមកងវិស្វកម្ម រួមទាំងក្រុមហ៊ុនឯកជនទទួលគំរោងសា្ថបនាសរុបទាំង ៨ក្រុមហ៊ុន។

លោកបន្តថា ក្រុមហ៊ុនទាំង ៨ដែលទទួលបានការអនុញ្ញាតស្ថានបនាបាននឹងកំពុងតែពន្លឿនការងារស្ថាបនារៀងៗខ្លួន ទាំងយប់ ទាំងថ្ងៃ ដើម្បីសំរេចអោយបានទៅតាមផែនការដែលបានកំណត់ ដែលមកទល់ពេលនេះបើគិតជារួមគឺ សំរេចបានប្រមាណ ៥៥% ហើយ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្ថែមថា ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ។

ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយ គអឆក ដោយចាប់តាំងពីពេលសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះគឺសម្រេចការស្ថាបនាបាន ៣០ភាគរយ ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here