ដោយវុត្ថា
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី បានចាប់ផ្តើម ពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅព្រឹកនេះ ក្រោមអធិតបីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈ ដែលកម្ពុជាកំពុងទទួលរងនូវវិបត្តិនៃការរាតត្បាជំងឺកូវី ១៩។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ម្សិលមិញនេះ បានឱ្តដឹងថា ការសម្រេចចិត្តរៀបចំតាក់តែងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ព្រោះកម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេ។
សម្តេចតេជោ បញ្ជាក់ថា ការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
សម្តេចតេជោបន្ថែមថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ។
យោងតាមមាត្រា ២២ ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ចែងថា ”នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា”៕






